ផ្តើម​ពី​ក្មេង​រើស​បាល់​អង្គុយ​មើល idol ខ្លួន​លេង ទី​បំផុត​ ៧ រូប​នេះ​សម្រេច​ក្តី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កំពូល

រាល់​បណ្តា​ក្មេង​រើស​បាល់​លើ​ទីលាន​ទាំង​អស់ ជឿ​ថា​ប្រាកដ​ជា​មាន​ក្តី​ស្រមៃ​ដូចៗ​គ្នា នោះ​គឺ​ទៅ​ថ្ងៃ​ខាង​មុខ​ពួក​គេ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ដែល​អាច​បង្កើត​ភាព​ជោគជ័យ​និង​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​សកលលោក។

ក្មេង​ខ្លះ​ក៏​បាន​សម្រេច​ក្តី​ស្រមៃ​របស់​ពួក​គេ​ជា​បណ្តើរៗ ហើយ​ខ្លះ​ទៀត​ក៏​កំពុង​ស្ថិត​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ ប្រសិន​ពួក​គេ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង និង​ឈរ​លើ​ឆន្ទៈ​ដែល​មិន​បោះបង់។

ត​ទៅ​នេះ​ទំព័រ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​អតីត​ក្មេង​រើស​បាល់​លើ​ទីលាន ៧ រូប ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ ហើយ​សុទ្ធ​សឹង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​កំពូល៖

៧) Trent Alexander-Arnold

 

ខ្សែ​ការពារ​ស្លាប​ស្តាំ​របស់ Liverpool បាន​ទម្លាយ​ថា​កាល​ពី​ឆ្នាំ ២០១៤ ខ្លួន​ក៏​ធ្លាប់​ជា​អតីត​ក្មេង​រើស​បាល់​មួយ​រូប​នៅ​ឯ​កីឡដ្ឋាន Anfield ផង​ដែរ ហើយ​កាល​នោះ​គឺ​លេចមុខ​ក្នុង​ការ​ប្រកួត​រវាង Chelsea និង Liverpool ដែល​ក្រុម​រង​បរាជ័យ​ ២-០។ Arnold បាន​មាន​ឱកាស​ឡើង​មក​លេង​នៅ​ឈុត​ធំ​នា​ឆ្នាំ ២០១៦ ហើយ​សព្វថ្ងៃ​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​ដល់​ទៅ ១១០ លាន​អឺរ៉ូ។

៦) Brahim Diaz

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid និង​កំពុង​ខ្ចី​ជើង​ឲ្យ​ក្លឹប AC Milan រូប​នេះ កាល​ពី​ឆ្នាំ ២០១២ ​ធ្លាប់​ជា​ក្មេង​រើស​បាល់​នៅ​ក្លឹប Malaga ហើយ​មុខមាត់​របស់​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជាប់ Background នៃ​រូបភាព​អបអរ​របស់ Isco និង Sannti Cazorla។ ឆ្លង​ផុត​រយៈ​ពេល ៧ ឆ្នាំ​មក​នេះ គេ​បាន​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​នៅ​ក្លឹប Real Madrid ដែល​ជា​ក្លឹប​យក្ស​នៅ​តំបន់​អឺរ៉ុប ហើយ​មិន​មែន​សុទ្ធ​តែ​កីឡាករ​រាល់​គ្នា​អាច​មាន​ឱកាស​មក​ចូលរួម​នោះ​ឡើយ។

៥) Matthijs de Ligt

កីឡាករ​ហូឡង់​កាល​ពី​អតីតកាល គេ​ធ្លាប់​ជា​ក្មេង​រើស​បាល់​នៅ​ក្លឹប Ajax ហើយ​រូបភាព​របស់​គេ​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ កំឡុង​ការ​ថត​ពេល​ឈរ​ក្បែរ​សិស្ស​ច្បង Luis Suarez។ ឆ្លង​កាត់​រយៈ​ពេល​ជិត ១០ ឆ្នាំ de Ligt គេ​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​លំដាប់​ទី ៤ ក្នុង​លោក ក្រោយ​ការ​ចាកចេញ​ពី Ajax មក​ចូលរួម​នៅ Juventus ជាមួយ​តម្លៃ ៦៧,៥ លាន​ផោន។

៤) Bernardo Silva

មុន​ពេល​ក្លាយ​ជា​កីឡាករ​ឆ្នើម​នៅ​ក្លឹប Manchester City ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​ធ្លាប់​ជា​អតីត​ក្មេង​រើស​បាល់​មួយ​រូប​នៅ​ក្លឹប Benfica ផង​ដែរ។ គេ​បាន​បញ្ចប់​ថ្នាក់​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន ជាមួយ​ជំនាន់ Ederson និង Renato Sanches ហើយ​ក៏​មាន​ការ​ចុះ​ផ្សាយ​ថា នៅ​ឆ្នាំ ២០០៨ Bernardo ធ្លាប់​ជា​ក្មេង​រើស​បាល់ កំឡុង​ការ​ប្រកួត​រវាង Benfica និង Napoli នៅ Europa League។

៣) Callum Hudson-Odoi

នៅ​ឆ្នាំ​ ២០១៤ កំឡុង​ការ​ប្រកួត​រវាង Chelsea និង Man Utd គ្រា​នោះ​កីឡាករ Samuel Eto’o បាន​រក​គ្រាប់​បាល់ Hat-Trick ហើយ​គេ​បាន​ទៅ​អបអរ​ជាមួយ​ក្មេង​រើស​បាល់​អាយុ ១៣ ឆ្នាំ​ម្នាក់​នៅ​ក្បែរ​តំបន់​អង្គុយ​របស់​អ្នក​គាំទ្រ ហើយ​ម្នាក់​នោះ​គេ​គឺ​ជា Callum Hudson-Odoi ដែល​សព្វថ្ងៃ​ជា​កីឡាករ​របស់​ក្លឹប​តោ​ខៀវ Chelsea និង​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ប្រមាណ ៣៥ លាន​អឺរ៉ូ។

២) Donny van de Beek

Van de Beek ក៏​ជា​អតីត​យុវជន​នៅ Ajax មួយ​រូប​ផង​ដែរ ហើយ​ក្រោយ​ឆ្លង​ផុត​វគ្គ​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ជោគជ័យ គេ​ក៏​មាន​ឱកាស​មក​ឈរ​ជើង​នៅ​លើ​ទីលាន​របស់​កីឡាករ​ឈុត​ធំ ប៉ុន្តែ​នាម​ជា​ក្មេង​រើស​បាល់​មួយ​រូប​តែ​ប៉ុណ្ណោះ។ ពេល​នោះ​ហើយ​គេ​បាន​មាន​ឱកាស​ជួប idol ក្នុង​ក្តី​ស្រមៃ​ជា​ច្រើន​រូប ជា​ពិសេស​គឺ Luis Suarez ដែល​គេ​បាន​មាន​ឱកាស​ឈរ​ក្បែរ និង​ថត​រូប​ជាមួយ​ដូច​ទៅ​នឹង De Ligt អ៊ីចឹង​ដែរ។

១) Phil Foden

នៅ​ការ​ប្រកួត​របស់ Manchester City ទល់​នឹង Swansea កាល​ពី​ឆ្នាំ​ ២០១៤ កីឡាករ Steven Jovetic បាន​រក​គ្រាប់​បាល់​ជ័យជម្នះ ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ Background អបអរ​របស់​គេ គឺ​ជួប​មុខ​ក្មេង​ប្រុស​ម្នាក់ ដែល​នោះ​គឺ​ជា Phil Foden។

Foden សព្វថ្ងៃ​ជា​យុវជន​ឆ្នើម​នៅ Man City ដែល​គេ​កំពុង​សកម្ម​ទាំង​ការ​រក​គ្រាប់​បាល់​និង Assist។ នៅ​រដូវ​កាល ២០២០/២១ កីឡាករ​អង់គ្លេស​រក​បាន ១០ គ្រាប់​និង Assist ៦ លើក ហើយ​មាន​ជើង​ចាស់​មួយ​រូប ហ៊ាន​និយាយ​ថា Foden សក្តិសម​ជា​កីឡាករ​តម្លៃ ២០០ លាន​ផោន​ថែម​ទៀត​ផង៕​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT