អ្នកចាំទី Martinez ថា​កីឡាករ PL រូប​នេះ ​ប្រៀប​បាន​នឹង​ជើង​ស្ដាំ​របស់ Messi

អ្នកចាំទី Emiliano Martinez របស់​ក្លឹប Aston Villa បាន​និយាយ​ថា​មិត្ត​រួម​ក្រុម​ខ្លួន​គឺ​កីឡាករ Jack Grealish សក្ដិសម​ឲ្យ​រហ័ស​នាម​ថា ជា​ជើង​ឆ្វេង​ដ៏​ជំនាញ​របស់ Messi បើ​មើល​តាម​ទេពកោសល្យ​ដែល​គេ​កំពុង​បង្ហាញ​សព្វថ្ងៃ។

ខ្សែ​បម្រើ/ប្រយុទ្ធ​វ័យ ២៥ ឆ្នាំ​បច្ចុប្បន្ន​ស្ថិត​ក្នុង​រ៉ាដា​ចង់​បាន​របស់​ក្លឹប​ជា​ច្រើន ប៉ុន្តែ​គេ​ហាក់​ដូច​ជា​មិន​ចង់​ចេញ និង​គិត​ត្រឹម​ចង់​ឈរ​ជើង​ជាមួយ​តែ​ក្លឹប Aston Villa មួយ​តែ​ប៉ុណ្ណោះ។

ដោយឡែក​បើ​បង្វែរ​ទៅ​មើល​ការ​យល់​ឃើញ​របស់​អតីត​អ្នកចាំទី Arsenal បាន​និយាយ​ប្រាប់ talkSPROT៖ “Grealish គេ​ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក ដោយ​គេ​មិន​ដែល​ធ្វើ​ឲ្យ​បាល់​ចេញ​ឆ្ងាយ​ពី​ខ្លួន​គេ​ឡើយ ពេល​ខ្ញុំ​ឃើញ Grealish កំពុង​រត់ ខ្ញុំ​តែងតែ​ឃើញ​មាន​ការ​ស៊ុត​ចំ​គោលដៅ​ចេញ​ពី​ជើង​របស់​គេ ឬ​អាច​បង្កើត​បាល់​ជ្រុង​សម្រាប់​ពួក​យើង។

គេ​បន្ថែម​ទៀត​ថា៖ “គេ​អាច​ឆ្លង​ផុត​កីឡាករ ២ ឬ ៣ រូប​បាន ដោយ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ដូច​គ្នា​នេះ​ពេល Messi មាន​បាល់​នៅ​ជើង​ស្តាំ​របស់​គេ គឺ​អ្នក​មិន​អាច​យក​បាល់​ចេញ​ពី​គេ​បាន​ឡើយ”។

បញ្ជាក់​ថា​រដូវ​កាល ២០២០/២១ កីឡាករ​អង់គ្លេស រក​បាន ៧ គ្រាប់​និង Assist ៧ លើក​នៅ​ការ​បង្ហាញ​ខ្លួន ២២ ប្រកួត។ បច្ចុប្បន្ន Aston Villa កំពុង​ឈរ​នៅ​លេខ ៩ ក្នុង​តារាង ដោយ​មាន ៣៥ ពិន្ទុ៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT