ខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester City គឺកីឡាករ Ilkay Gundogan បានឈ្នះពានរង្វាន់នាមកីឡាករល្អបំផុតប្រចាំខែនៅក្របខ័ណ្ឌ Premier League សម្រាប់ខែមករា ឆ្នាំ ២០២១ កន្លងទៅ។
កីឡាករស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola រូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរកបាន ៥ គ្រាប់ រាប់ទាំងគ្រាប់បាល់ពេលលេងទល់ Chelsea និងពីរគ្រាប់ផ្ទួនគ្នាពេលប៉ះ West Brom នៅចន្លោះពេល ៤ សប្ដាហ៍។ គេជាចំណែកដ៏សំខាន់ក្នុងការដែល City អាចឈ្នះ ៦ ប្រកួតជាប់គ្នាលើកចុងក្រោយ។
បុរសសញ្ជាតិអាល្លឺម៉ង់បាននិយាយក្រោយទទួលពានខាងលើថា៖ “ខ្ញុំមានអារម្មណ៍ថាពួកយើងរឹងមាំណាស់នៅរយៈពេលនេះ ហើយវាជាអារម្មណ៍ដ៏អស្ចារ្យ ដោយខ្ញុំធ្លាប់មានអារម្មណ៍បែបហ្នឹងដែរនៅរដូវកាលដែលក្រុមយើងយកបាន ១០០ ពិន្ទុ ក៏ដូចជាពេលដែលយើងឈ្នះពានលីគនាំមុខហង្ស ១ ពិន្ទុ និងកាលដែលខ្ញុំធ្លាប់លេងនៅ Dortmund”៕
ប្រភព៖ Man City