Alaba សុំ​ថ្លៃ​ពលកម្ម​នាម​ខ្សែ​ការពារ​ថ្លៃ​បំផុត​ក្នុង​លោក បើ​ក្លឹប​ណា​ហ៊ាន គេ​នឹង​ទៅ​ចូលរួម​នៅ​ទី​នោះ

David Alaba សេសសល់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប Bayern Munich ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ ហើយ​ជា​លទ្ធផល​យើង​អាច​សម្រេច​ជា​បណ្តើរៗ​ហើយ​ថា​គេ​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ទេ ពោល​គឺ​នឹង​ចាកចេញ​ដោយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

មាន​បណ្តា​ក្លឹប​ធំៗ​ជា​ច្រើន​ដែល​សម្លឹង​ឃើញ​ឱកាស​ល្អ​មួយ​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ស៊ីសង​លើ​ការ​ចរចា​ថ្លៃ​ពលកម្ម​ជាមួយ​ភាគី​កីឡាករ​ផ្ទាល់។ មិន​ថា​តែ​ក្លឹប Liverpool, Real Madrid, Chelsea និង Man City ជា​ដើម សុទ្ធ​សឹង​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​អូទ្រីស។

យ៉ាងណាមិញ​តាម ESPN បាន​ចុះ​ផ្សាយ ខ្សែ​ការពារ​ជំនាញ​លេង​តំណែង​ស្លាប​និង​កណ្តាល​រូប​នេះ បាន​ទាមទារ​តម្លៃ​ពលកម្ម ២២ លាន​អឺរ៉ូ/រដូវ​កាល ពោល​គឺ ៤៥០ ០០០ អឺរ៉ូ/សប្តាហ៍​ឯ​ណោះ ដែល​អាច​រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​លេង​តំណែង​ការពារ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​ក្នុង​លោក។

ជាង​នេះ​គេ​ចង់​បាន​កុងត្រា​ដែល​មាន​សុពលភាព ៥ ឆ្នាំ ជា​រួម​ស្មើ​នឹង​តម្លៃ ១១០ លាន​អឺរ៉ូ ទាំង​ដែល​អាយុ​របស់​គេ​សព្វថ្ងៃ​ឈាន​ចូល​វ័យ ២៨ ឆ្នាំ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT