រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ​ញាំង​ឲ្យ​ការ​ទស្សនា​កាន់​តែ​ជក់​ចិត្ត​នៅ UCL វគ្គ ១៦ ក្រុម​ចុង​ក្រោយ

ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League នឹង​ឈាន​ចូល​មក​ដល់​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ ហើយ​ជឿ​ថា​វា​ជា​អ្វី​ដែល​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ទន្ទឹង​រង់ចាំ​រយៈ​ពេល​ជាង ២ ខែ​មក​ហើយ។

ជាមួយ​ការ​ជួប​គ្នា​ទាំង ៨ គូ​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports ដែល​ក្លែម​សម្តី​លាយឡំ​ពី​អ្នក​អធិប្បាយ​ជា​ច្រើន​រូប មាន​ដូច​ជា Admin សូរិយា, Admin ជីវ័ន្ត និង Admin បូរិន​ជា​ដើម។ មុន​ឈាន​ដល់​ការ​ប្រកួត យើង​ធ្វើ​ការ​បង្ហាញ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ដែល​អ្នក​គាំទ្រ​គួរ​ដឹង ដើម្បី​ញាំង​ឲ្យ​ការ​ទស្សនា​កាន់​តែ​មាន​ភាព​ជក់ចិត្ត៖

៥) ការ​តតាំង​រវាង​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ទាំង​ពីរ

ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយ ហង្ស​ក្រហម Liverpool ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp និង​ត្រូវ​តតាំង​ក្រុម​ទើប​បង្កើត​ថ្មី​ RB Leipzig ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​វ័យ​ក្មេង​លោក Julian Nagelsmann។

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​ព្រោះ Leipzig ជា​ក្រុម​ដែល​ប៊ិះ​តែ​នឹង​ធ្លាក់​នៅ​វគ្គ​ចែក​ពូល ក្រោយ​ពី Man Utd លុត​ស្ពឹក​មុខ ៥-០ តែ​ចុង​ក្រោយ​ខិតខំ​ទាំង​ត្រដាប.ត្រដួស ទម្រាំ​បាន​ឆ្ពោះ​មក​កាន់​វគ្គ​បន្ទាប់។ ដូច​បញ្ជាក់​ពី​ខាង​លើ​ទាំង​ Klopp និង Nagelsmann គឺ​មាន​សញ្ជាតិ​អាល្លឺម៉ង់​ដូច​គ្នា ហើយ​ Klopp ផ្ទាល់​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​នៅ​លីគ Bundesliga ផង​ដែរ បែប​នេះ​គេ​ជឿ​ថា យុទ្ធសាស្ត្រ​ដឹកនាំ​របស់​អ្នក​ទាំង​ពីរ​ប្រហែល​ជា​មិន​ខុស​គ្នា​ច្រើន​ឡើយ។ ចំពោះ​ប្រកួត​នេះ​យើង​អាច​ទស្សនា​បាន​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ពុធ ទី ១៧ ​កុម្ភៈ។

៤) ការចុះថយតំបន់ប្រយុទ្ធរបស់ PSG

Neymar តាមថាត្រូវ​វិល​ត្រលប់​មក​កីឡដ្ឋាន Camp Nou ក្រោយ​ខកខាន​ឈរ​ជើង​អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ ប៉ុន្តែ​មក​សារ​នេះ​មិនមែន​ជា​មិត្ត ផ្ទុយ​ទៅ​វិញ​គឺ​ជា​សត្រូវ។ តែសោកស្តាយគេស្រាប់តែរបួសកំឡុងការប្រកួតឲ្យ PSG ប៉ុន្មានថ្ងៃមុន ហើយទាមទារការសម្រាករយៈពេល ១ ខែឯណោះ។ នេះកំពុងនាំឲ្យ Barcelona ដែលជាគូប្រជែងកាន់តែមានប្រៀប ជាពិសេសនៅតំបន់ប្រយុទ្ធ ព្រោះក្លឹប PSG ត្រូវអវត្តមានកីឡាករសំខាន់ ២​ រូបមាន Angel di Maria និង Neymar ផ្ទាល់តែម្តង។ យើងនឹងរង់ចាំមើលថាតើលោក Pochettino នឹងរៀបចំប្រព័ន្ធលេងបែបណាខ្លះ ដោយនៅសេសសល់កីឡាករក្នុងជម្រើសមានដូចជា Mbappe, Icardi, Kean និង Sarabai ជាដើម។ ការ​ប្រកួត​នេះ​យើង​អាច​ទស្សនា​បាន​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ពុធ ទី ១៧ ​កុម្ភៈ។

៣) ទម្រង់​លេង​នៅ​អាយុ ៣៦ ឆ្នាំ​របស់ Cristiano Ronaldo

កាល​ពី​ថ្ងៃ​ទី ៥ ​កុម្ភៈ ទាំង​ Neymar និង Ronaldo បាន​រំកិល​អាយុ​ឡើង​មួយ​លេខ​ទៀត​ហើយ ខណៈ​ដែល​កីឡាករ​ព័រទុយហ្គាល់​បាន​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ។ គេ​នឹង​រង់ចាំ​មើល​ថា​តើ Ronaldo នៅ​វគ្គ ១៦ ក្រុម​នេះ អាច​ជួយ​ក្លឹប Juventus ឆ្លង​ផុត​សំណាញ់​មរណៈ​របស់​ក្លឹប​ Porto បាន​ឬ​ក៏​យ៉ាង​ណា?

មាន​ភាគរយ​ច្រើន​គេ​ជឿ​ថា វា​អាច​នឹង​ក្លាយ​ជា​ការ​ប្រកួត​នៅ Champions League លើក​ចុង​ក្រោយ ជាមួយ​ការ​ឈរ​ជើង​ឲ្យ Juventus ​ប្រសិន​ណា​រដូវ​កាល​នេះ​ក្លឹប​នៅ​តែ​បន្ត​មិន​អាច​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប។ កុងត្រា​របស់ CR7 សេសសល់​ដល់​ឆ្នាំ ២០២២ អ៊ីចឹង​គេ​អាច​នឹង​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល ប្រសិន​ណា​មិន​បន្ត​កុងត្រា​ថ្មី ព្រោះ​សេះ​បង្កង់​ក៏​មិន​បណ្តោយ​ឲ្យ​តារា​ឆ្នើម​ដូច​ជា Ronaldo ចាកចេញ​ទៅ​ដោយ​ឥត​តម្លៃ​ខ្លួន​នោះ​ដែរ។

២) ការ​រង់ចាំ​មើល​ទម្រង់​លេង​ពី​បណ្តុំ​យុវជន​ឆ្នើម

តើ​អ្នក​ចាំ​ទេ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន Kylian Mbappe ធ្លាប់​បាន​ជួយ​ឲ្យ Monaco ឡើង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ Champions League ហើយ​ជាមួយ PSG រដូវ​កាល​ ២០១៩/២០ ក៏​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ។

ក្រៅ​ពី Mbappe នៅ​រដូវ​កាល ២០២០/២១ នេះ យុវជន​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​មាន​ដូច​ជា Erling Haaland, Jadon Sancho, Joao Felix, Mason Mount និង Kai Havertz ជា​ដើម។ យើង​នឹង​រង់ចាំ​មើល​ ថា​តើ​ពួក​គេ​អាច​ផ្តល់​ឲ្យ​អ្វី​ខ្លះ​សម្រាប់​ក្លឹប​នៅ​ការ​ប្រកួត​ខាង​មុខ?

១) តើ Pep អាច​បញ្ចប់​ការ​ខកខាន​ឈ្នះ​ពាន​រយៈ​ពេល ១០ ឆ្នាំ​បាន​ដែរ​ឬ​ទេ?

នៅ Premier League សម្រាប់​ក្លឹប Manchester City ចាប់​តាំង​ពី Pep Guardiola ចូល​មក​ដឹកនាំ​អាច​រាប់​ថា​ជោគជ័យ​គួរសម​ដែរ ប៉ុន្តែ​នៅ Champions League គឺ​ភាគ​ច្រើន​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ក្នុង​អាជីព​ជា​អ្នកចាត់ការ បុរស​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​បាន​ឈ្នះ​ពាន​អឺរ៉ុប ២ លើក​គត់​នោះ​គឺ ជាមួយ Barcelona នៅ​ឆ្នាំ ២០០៩ និង ២០១១ ដោយឡែក​នៅ​ឆ្នាំ ២០២១ នេះ គឺ​ឆ្លង​កាត់​រយៈ​ពេល ១០ ឆ្នាំ​ហើយ អ៊ីចឹង​យើង​នឹង​អុត​មើល​ថា​តើ Guardiola អាច​ជួយ​ឲ្យ City ស្គាល់​រសជាតិ​ឈ្នះ​ពាន​អឺរ៉ុប​បាន​ឬ​ក៏​យ៉ាង​ណា?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT