លោក អ៊ុង កងយ៉ានិតបង្ហាញមតិយោបល់អំពីពានរង្វាន់ Cambodia Airways Pre-season Cup 2021

ការប្រកួតពានរង្វាន់ Cambodia Airways Pre-season Cup 2021 បានបញ្ចប់ជាស្ថាពរកាលពីល្ងាចថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២១ នៅកីឡដ្ឋាន Cambodia Airways ខណៈដែលក្រុមនគរបាលជាតិបានក្លាយជាក្រុមជើងឯកបន្ទាប់ពីរក្សាកំណត់ត្រាឈ្នះ៣ប្រកួតមាន៩ពិន្ទុឈរកំពូលតារាងក្នុងចំណោម៤ក្រុមចូលរួម។

ថ្លែងក្នុងពិធីបិទការប្រកួតនិងលើកពានកាលពីម្សិលមិញ អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបាននិយាយថា៖ “ជាដំបូងសូមអរគុណដល់លោកស្រីប្រធានក្លិបបឹងកេត ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលបានរៀបចំពានរង្វាន់ Cambodia Airways Pre-season Cup 2021 នេះឡើង។ ពាននេះត្បិតតែជាពានមិត្តភាពមុនបើករដូវកាល ប៉ុន្តែវាពិតជាសំខាន់ និងបានផ្ដល់ឱកាសដល់ក្រុមដែលបានចូលរួម បានបង្ហាញសមត្ថភាព បានស្វែងយល់អំពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ឲ្យក្រុមកីឡាកររបស់គាត់បានលេង ពិសេសកីឡាករវ័យក្មេង និងកីឡាករថ្មីដែលទើបចូលរួម ទទួលបានបទពិសោធន៍ និងពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យស៊ីចង្វាក់គ្នា និងបានដឹងពីចំណុចខ្វះខាតនានា”។

ការលើកពាន Cambodia Airways Pre-season Cup 2021 មិនមែនជារឿងចៃដន្យ ឬសំណាងនោះទេសម្រាប់នគរបាលជាតិ ពីព្រោះមុនប្រកួតគេបានដឹងហើយថាបឹងកេតគឺជាក្រុមការពារដំណែងជើងឯកលីគ២០២០ ហើយពាននេះបឹងកេតនឹងឈ្នះ ប៉ុន្តែផ្ទុយទៅវិញ! បឹងកេតបានត្រឹមលេខ៣ប៉ុណ្ណោះក្នុងវំណោម៤ក្រុមនេះ។

និយាយអំពីទម្រង់លេងក្នុងពានរង្វាន់នេះដែរ លោក អ៊ុង កងយ៉ានិតបានបង្ហាញថា កីឡាកររបស់លោកពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ លេងដោយស្មារតីខ្ពស់ ជាមួយនិងកលល្បិចក្រុមដែលយើងបានរៀបចំ ហើយទម្រង់លេងល្អលើសពីអ្វីដែលយើងបានរំពឹងទុក។ តែយ៉ាងណា! ក៏មានចំណុចខ្វះខាតច្រើនទៀតសម្រាប់ក្រុមរបស់យើង ពីព្រោះកីឡាករទើបតែឬបានប្រមូលផ្ដុំមួយរយៈខ្លីមុនការប្រកួតពានរង្វាន់នេះ ហើយពានរង្វាន់នេះគឺជាការលើកទឹកចិត្តដល់កីឡាករក្នុងក្រុមសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគនិងខាប់នាពេលខាងមុខ។

និយាយអំពីចំណាត់ថ្នាក់ក្នុងការប្រកួតពានរង្វាន់មិត្តភាពនេះវិញ នគរបាលជាតិលេខ១ អ៊ីអឺរ៉ុបលេខ២ បឹងកេតជាម្ចាស់ផ្ទះលេខ៣និងអគ្គិសនីកម្ពុជាទទួលបានលេខ៤៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT