ក្របខ័ណ្ឌ Premier League: ក្រុម Man City តាមស្មើកំណត់ត្រាលើទឹកដីក្រុម West Ham ៤-១ កាលពីថ្ងៃអាទិត្យ

ក្រុម Manchester City បានតាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការកត់ត្រាជ័យជម្នះដ៏ច្រើនបំផុតក្នុងរដូវកាលមួយ ខណៈដែលក្រុមម្ចាស់ជើងឯកថ្មីមួយនេះ បានកត់ត្រាជ័យជម្នះដល់ទៅ ៤-១ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃអាទិត្យ។
បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola បានកត់ត្រាជ័យជម្នះ ៣០លើកនៅរដូវកាលនេះ ដើម្បីតាមស្មើកំណត់ត្រាដែលត្រូវបានបង្កើតឡើងដោយក្លិប Chelsea កាលពីរដូវកាលមុន ហើយនិងបំបែកកំណត់ត្រានេះ តាមរយៈការដណ្តើមយកជ័យជម្នះមួយផ្សេងទៀតក្នុងការប្រកួត ៣លើកចុងក្រោយរបស់ពួកគេ។ ដើម្បីយកឈ្នះលើក្រុម West Ham យ៉ាងងាយស្រួល Man City បានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែបម្រើស្លាប Leroy Sane នៅមុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់អតីតខ្សែការពាររបស់ពួកគេ Pablo Zabaleta បានបន្ថែមការនាំមុខរបស់ក្រុមភ្ញៀវ។

ការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Aaron Cresswell បានកាត់បន្ថយការដេញតាមពីក្រោយនៅមុនពេលបញ្ចប់តង់ទី១ ប៉ុន្តែ ខ្សែប្រយុទ្ធ Gabriel Jesus និង Fernandinho បានរកគ្រាប់បាល់បញ្ចូលទីឲ្យ Man City នៅតង់ទី២។ ជាមួយនឹងការស្ថិត្កនងុទម្រង់លេងប្រកបដោយភាពមុតស្រួចនៅរដូវកាលនេះ ក្រុម Man City កំពុងតែសម្លឹងការពង្រឹងទីតាំងរបស់ខ្លួនក្នុងនាមក្រុមមួយក្នុងចំណោមក្រុមដ៏អស្ចារ្យបំផុតរបស់ Premier League តាមរយៈការបង្កើតកំណត់ត្រាថ្មីមួយ។ ពួកគេបានរកគ្រាប់បាល់សរុបចំនួន១០២គ្រាប់ក្នុងការប្រកួត ៣៥លើកនៃក្របខ័ណ្ឌលីក ដើម្បីធ្វើឲ្យពួកគេក្លាយជាក្រុមអង់គ្លេសចុងក្រោយគេបំផុតក្នុងការរកបានគ្រាប់បាល់ច្រើនជាង ១០០គ្រាប់ ចាប់តាំងពី Everton ធ្វើបានក្នុងរដូវកាលឆ្នាំ១៩៣១-១៩៣២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT