រឿងដែលមិនគួររំលងនៅក្នុងសប្តាហ៍ទី ១៨ លីគកំពូលកម្ពុជា

សប្តាហ៍ទី ១៨ បានបន្តបិទទំព័ររបស់ខ្លួនទៀតហើយក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាសរុប ២០គ្រាប់ កើតចេញពីការប្រកួត ៦គូ។

រឿងដែលបានកើតឡើងក្នុងសប្តាហ៍ទី ១៨នេះ៖


-កៅអីកំពូលតារាង
ក្រោយឈ្នះបឹងកេត ២-០ ឃើញថាណាហ្គាវើល ក៏បានឡើងទៅឈរកំពូលតារាង ដោយឃ្លាត ២ពិន្ទុពីក្រុមការពារជើងឯក បន្ថែមសង្ឃឹមរបស់ខ្លួនក្នុងការគ្រងពានរង្វាន់លីគរដូវកាលនេះ។ យ៉ាងនេះក្តី ទាំងបឹងកេត ទាំង ណាហ្គាវើល សុទ្ធតែត្រូវប្រឈមមុខជាមួយគូប្រកួតខ្លាំងៗរៀងៗខ្លួនក្នុង ៤ប្រកួតបញ្ចប់រដូវកាល។


-កីឡដ្ឋាន RSN ធ្វើឱ្យម្ចាស់ផ្ទះខកចិត្ត
ភ្នំពេញក្រោន រងបរាជ័យដោយសារអង្គរថាយហ្គឺរ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តជួបគ្នាក្នុងលីគ ០ ទល់នឹង ៤ ដែលឃើញថាក្នុងរយៈពេល ១១ថ្ងៃប៉ុណ្ណោះ ថាយហ្គឺរ បានយកឈ្នះក្រោនដល់ទៅ ២ប្រកួត ជាមួយនឹងគ្រាប់ស៊ុតចូលទីដល់ទៅ ៨គ្រាប់។
-ជំនួបរវាងក្រុមប្រម៉ូសិនថ្មី
ក្រោយពីវាយបកតាមស្មើ និងយកឈ្នះក្នុងលទ្ធផល ២-១ បង្ហាញឱ្យឃើញថាវិសាខា បានយកឈ្នះលើសូលទីឡូអង្គរ ទាំងពីរជើង និងជួយឱ្យក្តីសង្ឃឹមប្រជែងពាន នៅតែបន្តមានដដែល ខណៈគម្លាតពីក្រុមកំពូលតារាងត្រឹម ៣ពិន្ទុប៉ុណ្ណោះ ។


-គ្រូបង្វឹកជាប់ពិន័យ គ្មានបញ្ហាសម្រាប់ក្រសួងការពារជាតិ
ទោះបីជាអវត្តមានលោក ភា សុភ័ត្រ្តា គ្រូបង្គោលរបស់ក្រុមក្រសួងការពារជាតិ ក៏ពួកគេនៅតែអាចយក ៣ពិន្ទុពីអគ្គស្នងការដ្ឋាននគរបាលជាតិបានដដែល ដោយលទ្ធផល ៣-១ ។ មាន ៣៨ពិន្ទុ ក្រសួងការពារជាតិ ការពារមិនឱ្យមានបរាជ័យម្តងឡើងក្នុង ១១ប្រកួតចុងក្រោយ គិតចាប់តាំងពីសប្តាហ៍ទី ៨ មក ។


– អគ្គិសនីកម្ពុជា និង វេស្ទើនភ្នំពេញ នៅតែមិនទាន់ច្បាស់
គ្រាដែលរដូវកាលនេះ ក្រុមស្ថិតនៅតំបន់គ្រោះថ្នាក់តែមួយប៉ុណ្ណោះ នឹងធ្លាក់ទៅលេងលីគទីពីរ វេស្ទើនភ្នំពេញគឺជាក្រុមតែមួយគត់ដែលគេរំពឹងខ្ពស់ចំពោះការកក់កៅអី ។ យ៉ាងណាមិញ អគ្គិសនីកម្ពុជា ដែលនៅឈរពីលើពួកគេនោះ មានគម្លាតត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះ ដែលជាហានិភ័យក្នុងការរក្សាតំណែងបន្តក្នុងលីគកំពូលជាបន្តទៀត។
-លទ្ធផលសរុប និង តារាងពិន្ទុ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT