៥សំនួរខ្លឹមជាមួយនារីខ្មែរ-អាមេរិក សុវណ្ណារី ក្រោយផ្តួលនារីកូរ៉េ Choi ក្នុងទឹកទី២

កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានសាងកំណត់ត្រាឈ្នះលើទី២នៅស្ថាប័នប្រដាល់កំពូលប្រចាំអាស៊ី ONE Championship បន្ទាប់ពីបញ្ឈប់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។

ក្រោយទទួលបានជ័យជម្នះ ក្រុមការងារយើងខ្ញុំបានធ្វើបទសម្ភាសផ្តាច់មុខជាមួយកីឡាការិនីខ្មែរ-អាមេរិកនេះជុំវិញលទ្ធផលនៃការប្រកួត ក៏ដូចជាគោលដៅសំខាន់សម្រាប់អាជីពប្រដាល់របស់នាង។ ខាងក្រោមជាសំនួរ-ចម្លើយ៥រវាង ONE Championship និង អែម សុវណ្ណារី។

ONE Championship: នៅទឹកទី១ ឃើញថា សុវណ្ណារី ដូចជាពិបាកក្នុងការតស៊ូជាមួយ Choi Jeong Yun។ តើពេលនោះគិតថា ខ្លួនឯងធ្វើបានល្អទេ?
អែម សុវណ្ណារី៖ ពេលនោះ ខ្ញុំអត់បានចេញអាវុធវ៉ៃឈរដូចដែលខ្ញុំរំពឹងនោះទេ ប៉ុន្តែខ្ញុំបានគ្រប់គ្រងស្ថានការណ៍ល្អពេញទឹកទី១។ ដូច្នេះខ្ញុំគិតថា ខ្លួនឯងធ្វើបានល្អគួរជាទីមោទកភាព។

ONE៖ មុនពេលឈ្នះក្នុងទឹកទី២ តើ សុវណ្ណារី ជួបការលំបាកទេ?
សុវណ្ណារី៖ ពិតជាជួបការលំបាកមែនមុនពេលទទួលបានជ័យជម្នះ។ ការលំបាកនោះគឺត្រូវទប់ទល់នឹង Choi ដែលមានកាយសម្បទាធំខ្ពស់។ ខ្ញុំពិតជាពិបាកដើម្បីចាប់បោកគាត់ឲ្យដួលណាស់ ពីព្រោះគាត់មានកម្លាំងខ្លាំង។ ជាពិសេសទៀតនោះ គាត់មានបទពិសោធឃីកបុកសីង និងចេញអាវុធដូចជាកណ្តាប់ដៃ និងទាត់បានឆ្ងាយ។

ONE៖ បើទោះជាទទួលបានជ័យជម្នះ ប៉ុន្តែ សុវណ្ណារី គិតថា ខ្លួនឯងនៅមានចំណុចខ្សោយអ្វីដែលត្រូវកែលំអបន្ថែមទេ?
សុវណ្ណារី៖ បន្ទាប់ពីជោគជ័យថ្ងៃនោះ ខ្ញុំពិតជាសប្បាយចិត្តដែលដឹងថា ខ្លួនឯងជាអ្នកប្រដាល់ពិតប្រាកដម្នាក់។ ពីមុនខ្ញុំស្រពិចស្រពិលចំពោះអាជីពប្រដាល់មួយនេះ។ ខ្ញុំនៅមានចំណុចកែលំអច្រើនទៀត ដូច្នេះខ្ញុំនឹងព្យាយាមហ្វឹកហាត់ឲ្យខ្លាំងឡើងថែមទៀតសម្រាប់ការប្រកួតបន្តបន្ទាប់។ និយាយត្រង់ អ្វីដែលខ្ញុំត្រូវផ្តោតយកចិត្តទុកដាក់ក្នុងការលំអគឺជំនាញប្រយុទ្ធ ឬក្បាច់វ៉ៃឈរឲ្យកាន់តែល្អប្រសើរឡើង។

ONE៖ តើ សុវណ្ណារី គិតយ៉ាងណាចំពោះជើងឯកគុនចម្រុះពិភពលោក?
សុវណ្ណារី៖ គិតដល់ពាក្យថា ជើងឯកគុនចម្រុះពិភពលោកគឺ ខ្ញុំចង់ក្លាយជាកីឡាការិនីទី១ដែលក្លាយជាជើងឯកគុនចម្រុះពិភពលោកក្នុងប្រភេទទម្ងន់ Flyweight។

ONE៖ ជារួម សម្រាប់ជ័យជម្នះចុងក្រោយនេះមានន័យយ៉ាងណាចំពោះ សុវណ្ណារី?
សុវណ្ណារី៖ ជ័យជម្នះនេះពិតជាមានមោទនភាពសម្រាប់កីឡាប្រដាល់គុនខ្មែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT