Chelsea កំពុង​ចរចា​ឲ្យ David Alaba បន្ទាប​តម្លៃ​ពលកម្ម​ខ្លួន​បន្តិច

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចរចា​ជាមួយ​ភាគី​ខ្សែ​ការពារ David Alaba អំពី​សំណើ​បន្ទាប​តម្លៃ​ពលកម្ម​ឲ្យ​ទាប​ជាង ៤០០ ០០០ ផោន/សប្តាហ៍ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចុះ​ហត្ថលេខា​ជា​ផ្លូវការ។

បច្ចុប្បន្ន​កីឡាករ​អូទ្រីស​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ជាមួយ​ក្លឹប Bayern Munich ហើយ​ក៏​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ដែល​ចង់​បាន​រូប​គេ​នៅ​បញ្ចប់​រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន រួម​មាន Chelsea, Liverpool និង Real Madrid ជា​ដើម។

ប៉ុន្តែ​សម្រាប់​ក្រុម​របស់​លោក Thomas Tuchel ដោយសារ​សព្វថ្ងៃ​គិត​ចង់​បន្ត​កុងត្រា​ឲ្យ Thiago Silva ដែល​ជា​ខ្សែ​ការពារ​មួយ​រូប​ដូច​គ្នា អ៊ីចឹង​ហើយ​ទើប​ក្លឹប​មិន​អាច​បន្ថែម​ខ្ទង់​ចំណាយ​ក្រាស់ក្រែល​ដល់ David Alaba ឡើយ លើកលែង​តែ​គេ​ព្រម​ទម្លាក់​តម្លៃ​ពលកម្ម។

បញ្ជាក់​ថា Alaba បើ​ទោះ​បី​ជា​កៀក​ផុត​កុងត្រា​តែ​គេ​នៅ​បន្ត​ជា​កីឡាករ​ដ៏​សកម្ម​ក្រោម​ការ​ដឹកនាំ​របស់​លោ Hansi Flick ដដែល។ រដូវ​កាល​នេះ​រក​បាន ២ គ្រាប់​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន ២៦ ប្រកួត និង​ត្រៀម​ប្រជែង​ពាន​រង្វាន់​ទី ៦ នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​គឺ FIFA Club World Cup ជាមួយ​ក្រុម​នៅ​ចុង​សប្តាហ៍​ទៀត​ផង៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT