Man City ចាប់​អារម្មណ៍​អតីត​ខ្សែ​ប្រយុទ្ធ​នៅ Man Utd គ្រោង​ទុក​ជំនួស​តំណែង Sergio Aguero

Sergio Aguero បាន​ខកខាន​ការ​រក​គ្រាប់​បាល់​នៅ Premier League រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ខកខាន​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ជា​បន្តបន្ទាប់ ដោយសារ​បញ្ហា​របួស​និង​ការ​ឆ្លង​ជំងឺ COVID-19។

នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ Aguero បាន​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ City ដូច​ធម្មតា​វិញ​ហើយ ប៉ុន្តែ​រឿងរ៉ាវ​អនាគត​មិន​ប្រាកដប្រជា​របស់​គេ​នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចេញ ថា​នឹង​សម្រេច​បន្ត​ឈរ​ជើង​នៅ City ហួស​ពី​រដូវ​កាល​នេះ ឬ​ត្រូវ​ចាកចេញ​ទៅ​ក្លឹប​ថ្មី​ណា​មួយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​សេសសល់​សុពលភាព​កុងត្រា​ជាមួយ City ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា​ថ្មី ក៏​មិន​ទាន់​ចេញ​តម្រុយ​ភ្លើង​ខៀវ​នោះ​ដែរ។ ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ តាម​របាយការណ៍​ The Athletic ចុះ​ផ្សាយ​ថា ថ្នាក់​លើ​របស់​ក្លឹប​កំពុង​ឈរ​លេខ ១ នៅ Premier League បាន​សម្លឹង​អ្នក​ថ្មី​ទុក​រួច​ជា​ស្រេច​ហើយ នោះ​គឺ​អតីត​ខ្សែ​ប្រយុទ្ធ​នៅ United កីឡាករ Romelu Lukaku។

ចាប់​តាំង​ពី​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ Inter Milan ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​បាន​បង្កើត​ភាព​ជោគជ័យ​ជា​ខ្លាំង តាម​រយៈ​ការ​រក​គ្រាប់​បាល់​ដល់​ទៅ ៥៤ គ្រាប់​នៅ ៧៨ ប្រកួត។ បើ​ទោះ​បី​កុងត្រា​របស់​គេ​ជាមួយ Inter នៅ​សេសសល់​ជាង ៣ ឆ្នាំ​កន្លះ​ទៀត​ក្តី ប៉ុន្តែ​ភាគរយ​ចាកចេញ​ក៏​អាច​កើត​មាន ព្រោះ​ល្ហិចល្ហៀង​ថា​ក្លឹប​អ៊ីតាលី​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​កីឡាករ។

ដោយឡែក​សម្រាប់ Aguero ឯ​ណោះ​វិញ ប្រសិន​គេ​ចាកចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន នោះ​ប្រាកដ​ជា​មាន​ក្លឹប​ជា​ច្រើន​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ ដោយ​តួ​យ៉ាង​ដូច​ជា​ក្លឹប Inter Miami របស់​អាមេរិក និង Paris Saint-Germain នៅ​ឯ​លីគ​កំពូល​បារាំង៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT