បើ​ឈ្នះ​ក្រុម​អេហ្សីប​យប់​នេះ តើ Bayern នឹងត្រូវ​ជួប​ក្រុម​ណា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Club World Cup?

ក្រុម​ឈ្នះ​ជើង​ឯក UEFA Champions League រដូវ​កាល ២០១៩/២០ គឺ Bayern Munich នឹង​ត្រូវ​ប្រកួត​ទល់​ក្លឹប Al Ahly របស់​ប្រទេស​អេហ្សីប នៅ​យប់​នេះ​វេលា​ម៉ោង ០១:០០ នាទី​ ឈាន​ចូល​ថ្ងៃ​ទី ៩ ​កុម្ភៈ។

ការ​ប្រកួត​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports ហើយ​នឹង​ធ្វើ​ការ​សម្រេច​យក​ក្រុម​ដែល​ទទួល​ជ័យជម្នះ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA Club World Cup ដែល​មាន​ក្រុម​ម៉ិកស៊ីកូ UANL កំពុង​រង់ចាំ ត្រៀម​តតាំង​នៅ​ថ្ងៃ​ទី ១១ ​កុម្ភៈ។

បញ្ជាក់​ថា​សម្រាប់​ពាន​រង្វាន់​នេះ​ដែរ ប្រសិន​ណា Bayern Munich ឈ្នះ​ទៀត​នោះ វា​នឹង​ក្លាយ​ជា​ពាន​រង្វាន់​ទី ៦ របស់​ពួក​គេ​នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ។ កន្លង​មក​ Bayern បាន​ឈ្នះ​ពាន Bundesliga, DFB-Pokal, DFL-Supercup, UEFA Champions League, UEFA Supercup និង​ចុង​ក្រោយ​អាច​ជា​ពាន​រង្វាន់ FIFA Club World Cup នេះ​ផ្ទាល់​តែ​ម្តង។

ពន្យល់​អំពី​ទម្រង់​នៃ​ការ​រៀបចំ​ពាន​រង្វាន់ Club World Cup ឬ​ហៅ​កាត់ CWC នេះ​បន្តិច ដោយ​ពាន​នេះ​គឺ​បង្កើត​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ដែល​មាន​អាយុកាល ២១ ឆ្នាំ​មក​ហើយ។ ទម្រង់​នៃ​ការ​ប្រកួត គឺ FIFA កំណត់​យក​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​ប្រចាំ​តំបន់​នៃ​ទ្វីប​នីមួយៗ​មក​ធ្វើ​ការ​តតាំង​គ្នា ដោយ​រួម​មាន​ក្រុម​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ AFC Champions League នៅ​ប៉ែក​អាស៊ី CAF Champions League នៅ​ប៉ែក​អាហ្វ្រិក CONCACAF Champions League នៅ​ប៉ែក​អាមេរិក​ខាង​ជើង Copa Libertadores នៅ​ប៉ែក​អាមេរិក​ខាង​ត្បូង OFC Champions League នៅ​ប៉ែកអូសេអានី និង​ UEFA Champions League នៅ​ប៉ែក​អឺរ៉ុប។ ក្រៅ​ពី​នេះ​ក៏​នឹង​មាន​ការ​បន្ថែម​នៅ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ប្រចាំ​ប្រទេស​ដែល​ជា​ម្ចាស់ផ្ទះ ​ឲ្យ​មាន​កៅអី​ចូលរួម​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT