TIFFY ARMY FC ​គ្រោង​វាយ​កន្លែង​អង្គុយ​ និង​ផ្លាស់ប្ដូរទីតាំងវេទិកាចោល ហើយ​សាងសង់​ឡើងវិញ​ទាំងស្រុង

ក្រោយកែលម្អស្មៅទីលានរួចរាល់នាខែមិថុនាខាងមុខ កីឡដ្ឋានកងយោធពលខេមរភូមិន្ទគ្រោងផ្លាស់ប្ដូរទីតាំងវេទិកា និងកន្លែងអង្គុយចោលទាំងស្រុងបន្ថែមទៀតនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។

សម្រាប់ការកែលម្អស្មៅដំណើរការ២ថ្ងៃហើយគិតត្រឹមព្រហស្បតិ៍ ទី០៤ ខែកុម្ភៈនេះ និងគ្រោងបញ្ចប់នៅខែមិថុនាខាងមុខ ដោយប្រើស្មៅមានគុណភាពដូចកីឡដ្ឋាន Smart RSN និង SRU របស់សៀមរាបយូណាយធីតដែរ។

លោក ខូវ ឆាយ លម្អិតបែបនេះ “៖យើងផ្ដើមឈូសឆាយហើយ ហើយគ្រោងបញ្ចប់នៅខែមិថុនា ខាងមុខ។ ផែនការរបស់យើង គឺយើងប្រើក្រុមហ៊ុនសង់ទីលាន SRU និងចង់បានគុណភាពដូចភ្នំពេញក្រោន និង SRU ដែរ ដោយយើងកែលម្អប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធស្រោចទឹក ក៏ដូចជាគុណភាពស្មៅ និងរៀបចំស្មៅសិប្បនិម្មិតខាងក្រោយតារាងកន្លែងហ្វឹកហាត់ ដែលសរុបទៅអស់ខ្ទង់១៥ម៉ឺនដុល្លារអាមេរិក។ ថវិកានេះបានពីលោក ស៊ុប៉ាឆៃ វីរៈភូជុង្គ។ យើងក៏នឹងមានផែនការជួសជុលទាំងស្រុងនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ ដោយវាយចោលវេទិកា និងកន្លែងអង្គុយ ហើយការសាងសង់អាចចំណាយខ្ទង់១លានដុល្លារអាមេរិក។”។

ការ​បង្ហើប​ដំណឹង​ដ៏​រសើប​នេះ ស្រប​ពេល​អតីត​ក្រុម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ៣​សម័យកាល​នេះកំពុង​ធ្វើការ​ជួសជុល​ទីលាន ជាមួយ​ការ​កែ​លម្អ​ស្មៅ​ធម្មជាតិ​លើ​ទីលាន​ប្រកួត ព្រម​ទាំង​ការផ្លាស់ប្ដូរ​ស្មៅ​សិប្បនិម្មិត នៃ​កន្លែង​ហាត់​កម្ដៅ​សាច់ដុំ​ក្រោយ​ទីលាន​ជាដើម ដែល​គម្រោង​នេះគ្រោង​នឹង​បញ្ចប់​នា​ខែ​មិថុនា​ខាងមុខ។​ លោក ខូវ ឆាយ បាន​បញ្ជាក់​ថា ការ​កែ​លម្អ​ទីលាន​នេះគឺជា​ដំណាក់កាល​ទី​១ ដោយ​សមាគម​បាន​ប្រើប្រាស់​ក្រុមហ៊ុន​សាងសង់​កីឡដ្ឋាន SRU នៅ​សៀម​រាប ដោយ​រៀបចំ​ប្រព័ន្ធ​ស្រោច​ទឹក​ស្វ័យប្រវត្តិ ព្រមទាំង​ការ​បង្ហូរ​ទឹក និង​ស្មៅ​ជាដើមឲ្យ​មាន​គុណ​ភាព​ដូច​កីឡដ្ឋាន Smart RSN របស់​ភ្នំពេញ​ក្រោ​ន និង​កីឡដ្ឋាន SRU ជាមួយ​ខ្ទង់​ចំណាយ​ប្រមាណ ១៥​ម៉ឺន​ដុល្លារ។

​ប៉ុន្តែ​ជំហាន​បន្ទាប់​ដែល​អាច​ចាត់ទុកជា​ដំណាក់កាល​ទី​២ នោះ​គឺ​ថ្នាក់ដឹកនាំ​សមាគម និង​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេមរភូមិន្ទ មាន​ផែនការ​ជួសជុល​ឡើងវិញ​ទាំងស្រុង​តែម្ដង អាច​ចុង​ឆ្នាំ​២០២១ នេះ ឬ​ដើម​ឆ្នាំក្រោយ​គឺ​ផែនការ​វាយចោល​វេទិកា និង​កន្លែង​អង្គុយ​ជាដើម ហើយ​សមាគម​នឹង​សាងសង់​ឡើងវិញ​ទាំងស្រុង ដែល​ចំណាយ​ថវិកា​ដល់​ទៅ​ ១​លាន​ដុល្លារ​ឯណោះ។

លោក​បន្ដ​ថា ដោយសារ​ក្រុម​លេខ​៤ នៃ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ កំពុង​តែ​ធ្វើ​ការ​កែ​លម្អ​ទីលាន​បែបនេះ ថ្នាក់ដឹកនាំ​ក្រុម​កង​យោធពល​ខេមរភូមិន្ទ បាន​ដាក់​ពាក្យ​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក៏ដូចជា​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC ដើម្បី​ស្នើសុំ​ប្រកួត​ជុំ​ទី​១ នៃ​លី​គ​រដូវ​កាល​ថ្មីក្រៅ​ដី​ទាំងអស់​តែម្ដង ខណៈ​លី​គឆ្នាំ​២០២១ គ្រោង​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​០៦ ខែ​មីនា​ខាងមុខ ហើយ​ប្រកួត​ជុំ​ទី​២ ទើប​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​វិញ។ រីឯ​ការ​ហ្វឹក​ហាត់ ក្រុម​បាន​ស្នើ​ហ្វឹកហាត់​នៅ​ទីលាន​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​ទឹក​៕

 

ប្រភពនិងរូបភាព៖ BTV, CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT