របួស​សារ​នេះ​នឹង​យូរ​បំផុត​សម្រាប់ Ramos គាប់​ជួន​រឿង​កុងត្រា​ថ្មី​ដោះស្រាយ​មិន​ចេញ​ទៀត

នេះ​អាច​រាប់​ថា​ជា​ពេលវេលា​ដ៏​ពិបាក​បំផុត​សម្រាប់ Sergio Ramos ក្នុង​អាជីព​បាល់ទាត់​របស់​គេ ព្រោះ​ទី ១ ដោយសារ​បញ្ហា​របួស​ដែល​អាច​ទាមទារ​ការ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​មិន​ធ្លាប់​មាន និង​ទី​ ២ គឺ​រឿង​កុងត្រា​ថ្មី​កំពុង​មិន​ទាន់​ដោះស្រាយ​ចេញ​ព្រម​គ្នា។

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​បាន​ខកខាន​បង្ហាញ​ខ្លួន​លើ​ទីលាន ចាប់​តាំង​ពី​ការ​ប្រកួត​លើក​ចុង​ក្រោយ​ទល់ Athletic Club កាល​ពី​ខែ​មុន ហើយ​បាន​រង​របួស​ផ្នែក​ជង្គង់ ដែល​ទំនង​ជា​នឹង​ខកខាន​ការ​ឈរ​ជើង​រយៈ​ពេល ២ ខែ​ទៅ​មុខ​ទៀត។

Ramos នឹង​ឈាន​ដល់​ការ​វះកាត់​ផ្នែក​ជង្គង់​របស់​គេ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​បន្ត​សម្រាក​ដល់​ខែ​មេសា​ទើប​ទំនង​ជា​វិល​ត្រលប់​មក​ជួយ​ក្លឹប Real Madrid វិញ។

បើ​បង្វែរ​ទៅ​មើល​ការ​ចរចា​កុងត្រា សំណើ​ចុង​ក្រោយ​ដែល​ក្លឹប Real Madrid ផ្តល់​ឲ្យ គឺ​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម ១០ ភាគរយ លើ​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ ដែល​ល្ហៀងៗ​មក​ថា​ Ramos គេ​មិន​ទាន់​យល់​ព្រម​នោះ​ទេ ខណៈ Real ក៏​ទុក​ពេល​ឲ្យ​ត្រឹម​ខែ​មិនា​ជា​កំហិត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT