មិន​ស្រមៃ​ដល់​ក្លាយ​ជា​សេដ្ឋី​លុយ​វាល់​លាន កាល​នៅ​ក្មេង Ronaldo គិត​ត្រឹម​អាជីព​តូចតាច​មួយ​នេះ​ប៉ុណ្ណោះ

ជា​ការ​ពិត Cristiano Ronaldo គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត​និង​សេចក្ដីប្ដេជ្ញាចិត្ត​ខ្ពស់ ​ប៉ុន្តែ​ជាមួយ​ភាព​ជោគជ័យ​លើ​គំនរ​ទ្រព្យ​ខ្ទង់​ពាន់​លាន​ដុល្លារ​ដូច​សព្វថ្ងៃ គឺ​លោក​មិន​ហ៊ាន​សូម្បី​តែ​ស្រមៃ​កាល​ពី​អតីតកាល។

ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល ទើប​តែ​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ៥ កុម្ភៈ​កន្លង​ទៅ ហើយ​មុន​ឈាន​មក​ដល់​ចំណុច​នេះ Ronaldo ធ្លាប់​បាន​ហែលកាត់​នូវ​រឿងរ៉ាវ​លំបាក​ជា​ច្រើន សឹង​តែ​ពេល​ខ្លះ​ប៊ិះ​អស់​ឱកាស​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ទៀត​ផង។

បង្វែរ​ទៅ​សម្រង់​សម្តី​ដែល​កីឡាករ​ព័រទុយហ្គាល់​ធ្លាប់​បាន​និយាយ នោះ​គឺ​កាល​នៅ​ក្មេង​លោក​គិត​ថា​ទៅ​ថ្ងៃ​ខាង​មុខ ខ្លួន​អាច​ត្រឹម​តែ​ក្លាយ​ជា អ្នក​នេសាទ​ត្រី​មួយ​រូប នៅ​លើ​កោះ Maedeira ប្រទេស​ព័រទុយហ្គាល់​តែ​ប៉ុណ្ណោះ ពោល​មិន​គិត​ថា​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដែល​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ​ទេ។

ប្រាប់​សារព័ត៌មាន Canal 11 ​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Real Madrid បាន​បង្ហើប​ថា៖ “ខ្ញុំ​ធ្លាប់​គិត​ថា​នឹង​ក្លាយ​ជា​អ្នក​នេសាទ​ត្រី​នៅ​កោះ Madeira ពោល​ជីវិត​ដូច​សព្វថ្ងៃ​ពុំ​បាន​ស្ថិត​ក្នុង​ការ​គ្រោង​ទុក​របស់​ខ្ញុំ​ឡើយ ដោយ​ជា​ការ​ពិត​ខ្ញុំ​មាន​ចិត្ត​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព ប៉ុន្តែ​មិន​បាន​គិត​ថា​នឹង​ជោគជ័យ​ដូច​អ្វី​ដែល​បាន​សម្រេច​កន្លង​មក​ឡើយ”។

រូបតំណាង

បញ្ជាក់​ដែរ​ថា CR7 សព្វថ្ងៃ​ជា​អត្តពលិក​មួយ​រូប​ដែល​មាន​ទ្រព្យ​ច្រើន​ជាង ១ ពាន់​លាន​ដុល្លារ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ទើប​តែ​ក្លាយ​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ យក​ឈ្នះ​កំណត់ត្រា​ចាស់​របស់​លោក Josef Bican ថែម​ទៀត​ផង៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT