តាម​ពិត​នេះ​ជា​មូលហេតុ​ដែល Son Heung-min រមែង​ធ្វើ​ដៃ​រាង​កាមេរ៉ា​នៅ​ពេល​អបអរ​គ្រាប់​បាល់

កីឡាករ​ម្នាក់ៗ​លើ​ទីលាន រមែង​មាន​ស្ទាយ​អបអរ​ក្រោយ​ពេល​ស៊ុត​បញ្ចូល​ទី​ខុសៗ​ពី​គ្នា ហើយ​សម្រាប់​កីឡាករ​អាស៊ី Son Heung-min ឯ​ណេះ​វិញ ភាគ​ច្រើន​គេ​ប្រទះ​ឃើញ​ធ្វើ​ដៃ​ចេញ​ជា​ទម្រង់​រាង​កាមេរ៉ា​ដូច​ជា​កំពុង​ផ្តិត​យក​សកម្មភាព​អ្វី​មួយ។ ជឿ​ថា​អ្នក​គាំទ្រ​តិច​ណាស់​ដែល​បាន​ដឹង​អំពី​អត្ថន័យ​នៅ​ពី​ក្រោយ​ស្ទាយ​អបអរ​របស់​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន Son បង្ហើប​ប្រាប់ Sky Sports បែប​នេះ​ថា៖ “ប្រហែល​ជាង ១ ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​បាន​គិត​អំពី​ស្ទាយ​អបអរ​ដ៏​អស្ចារ្យ​មួយ ហើយ​ខ្ញុំ​ក៏​រក​នឹក​ឃើញ​ស្ទាយ​មួយ​នោះ ដោយ​ការ​អបអរ​ជា​ទម្រង់​រាង​កាមេរ៉ា ​មាន​ន័យ​ថា​វា​ជា​ការ​ចងចាំ​ដ៏​ល្អ​មួយ​ដែល​គួរ​តែ​ត្រូវ​បាន​ថត​ទុក នៅ​ពេល​ខ្ញុំ​រក​បាន​គ្រាប់​បាល់”។

លោក​បន្ថែម​ទៀត​ថា៖ “វា​ដូច​ការ​ដែល​ខ្ញុំ​ផ្តិត​យក​រូបភាព​ដ៏​ល្អ​នៅ​ពេល​នោះ ទៅ​ក្នុង​ការ​ចងចាំ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​អាច​ចាប់​បាន​ឬ​អត់​ទេ តែ​ខ្ញុំ​គិត​ថា​វា​ជា​ការ​អបអរ​ដ៏​ពិសេស​មួយ”។

បន្ត​សួរនាំ​ថា​ហេតុអ្វី​បាន​ជា Son ​មិន​ចេះ​ធ្លាក់​ទឹក​មុខ និង​តែងតែ​ញញឹម លោក​ក៏​បន្ថែម​ថា៖ “នោះ​ក៏​ព្រោះ​តែ​ខ្ញុំ​ស្រលាញ់​បាល់ទាត់ ហើយ​រីករាយ​នឹង​ការ​ឈរ​ជើង ក៏​ដូច​ជា​ការ​លេង​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ”។

គួរ​បញ្ជាក់​ដែរ​ថា Son Heung-min បាន​រួមរស់​ជាមួយ Spurs អស់​រយៈ​ពេល​ជាង ៥ ឆ្នាំ​មក​ហើយ ដោយ​កុងត្រា​របស់​គេ​នៅ​សេសសល់​ដល់​ឆ្នាំ ២០២៣។ ជាមួយ​ការ​បង្ហាញ​ខ្លួន ២៦០ ប្រកួត Son រក​បាន ១០១ គ្រាប់​និង Assist ៥៧ លើក៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT