ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF៖ ការកម្រិតឱ្យតេក្វាន់ដូ ITF ប្រជែងមេដាយមាស១៥គ្រឿងក្នុងស៊ីហ្គេម ឆ្នាំ២០២៣ គឺជាអម្រែកធ្ងន់

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បាន​មាន​ប្រសាស៍ថា ការដាក់ជាផែនការយុទ្ធសាស្ត្រឱ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាប្រជែង​មេដាយមាសឱ្យ​បាន១៥គ្រឿង គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃដែលឱ្យយើងដាក់គោលដៅឈ្នះ​មេដាយមាស​បែបនេះ គឺជាមោទនភាពដ៏ធំធេងរបស់យើងទៅវិញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតដំឡើងថ្នាក់ដាន់របស់កីឡាករ កីឡាករិនី​ជម្រើស​​ជាតិ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលហ្វឹកហាត់របស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា «ការវាយតម្លៃនេះបានកម្រិតឱ្យ​ប្រភេទកីឡាតេក្វាន់ដូ ITF ដណ្តើមមេដាយមាសឱ្យបាន១៥គ្រឿង គឺមិនមែនជារឿងសាមញទេ ពោល​គឺច្រើនជាងគេតែម្តង។ ជាធម្មតាការកម្រិតនូវមេដាយមាស១៥គ្រឿងនេះ គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែ​ការវាយតម្លៃនេះ ក៏ជាមោទនភាពរបស់យើងដែរ ដោយគណៈកម្មាធិការជាតិបានដឹងពីកម្រិតគុណភាព​យើង​ប៉ុណ្ណា”។ ឯកឧត្ដមបានបន្ដថា ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងជំរុញឱ្យកីឡាករ កីឡាការិនី​ជម្រើសជាតិបង្កើនការហ្វឹកហាត់ទ្វេរដង ដើម្បីធានាថាត្រូវតែយកឱ្យបានមេដាយមាស១៥គ្រឿង។ “ខ្ញុំសូម​ជម្រាបជូនថា យើងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការបង្កើនការហ្វឹកហាត់ ការពង្រឹងវិន័យ។ មនុស្សទាល់តែមានវិន័យ ទើបការហ្វឹក​ហាត់​ប្រកប​ដោយប្រសិទ្ធភាព”។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្តម កែវ រ៉េមី។

ឯកឧត្តមសង្កត់ធ្ងន់ថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បណ្តាប្រទេសដែលនឹងចូលរួមប្រជែងមេដាយ​ជាមួយម្ចាស់ផ្ទះកម្ពុជា មានដូចជា សិង្ហបុរី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម ដោយ​ឯកឧត្តមចាត់ទុកថា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មានភាពខ្លាំងក្លាលើប្រភេទតេក្វាន់ដូ ITF នេះ ប៉ុន្តែក៏មិនមែនជាឧបសគ្គធំរបស់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយនោះទេ ហើយកម្ពុជាក៏មានបទ​ពិសោធន៍​យ៉ាងច្រើនដែរ ជាពិសេសនៅក្នុងការប្រកួតជើងឯកពិភពលោក និងអាស៊ីជាដើម ហើយសម្រាប់​តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មិនមានអ្វីជាឧបសគ្គធំពេកទេ។ ឯកឧត្តមបានលើកឡើងថា ទោះបីជាបែបនេះ ក៏យើងមិនមែនភ្លេចខ្លួន មើលស្រាលគេ ឬធ្វេសប្រហែសបានទេ គឺយើងតែងតែផ្តល់តម្លៃសម្រាប់ការ​ហ្វឹកហាត់ ដោយការហ្វឹកហាត់ត្រូវតែជឿជាក់លើខ្លួនឯង ហើយក៏មិនមានការភ័យខ្លាចសម្រាប់ការ​ប្រកួត​ឡើយ ដែលចំណុចទាំងអស់នេះ ឯកឧត្តមតែងតែបានផ្តល់ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាឲ្យកាន់តែមានស្មារតីមោះមុតបន្ថែមទៀត។

ឯកឧត្តមប្រធានសហព័ន្ធបន្ថែមថា នៅក្នុងការប្រកួតនេះ គឺពិនិត្យមើលលើកម្រិតគុណភាព​បច្ចេក​ទេស​របស់កីឡាករ កីឡាការិនីជម្រើជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ហើយជាពេលវេលាមួយ ដែលត្រូវ​ដំឡើងខ្សែក្រវាត់ ខណៈ ការពិនិត្យមើលគុណភាពបច្ចេកទេសរបស់ពួកគាត់មិនមានការប្រែប្រួលនោះទេ ដោយមានអ្នកខ្លះធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែមិនមានបញ្ហាអ្វីទេ សម្រាប់យុវជនទាំងនេះ។ ឯកឧត្ដមបាន​បន្ថែមថា អ្វីដែលយើងនិយាយគឺឱ្យខ្លាំងបន្តិច ដើម្បីជំរុញពួកគាត់ឱ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីជាក្តី​សង្ឃឹមសម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលប្រភេទកីឡាតេក្វាន់ដូ ITF នឹងអាចកសាងប្រវត្តិសាស្ត្រថ្មី ក្នុងការប្រជែងមេដាយជូនជាតិ។ ឯកឧត្ដម​ក៏សូមអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ២០២៣ (CAMSOC) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា បានដាក់តេក្វាន់ដូ ITF ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ គឺជាកិត្តិយសធំធេងណាស់។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “អ្វីជាការវាយតម្លៃរបស់ CAMSOC ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដាក់​ផែន​ការយុទ្ធសាស្ត្រឱ្យតេក្វាន់ដូ ITF ដណ្តើមមេដាយមាសឱ្យបាន១៥គ្រឿង នោះគឺដោយសារការ​មើល​ឃើញពីស្នាដៃ សមត្ថភាព ដែលយើងធ្លាប់ ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើន ពីអតីត​កាល នៅក្នុងតំបន់ អាស៊ី និងពិភពលោក ហើយបានចាត់ទុកថា តេក្វាន់ដូ ITF កម្ពុជាមានសក្តានុពល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT