វីរកីឡាការិនី ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រតែងតាំងជាជំនួយការប្រធានព្រឹទ្ធសភា

វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសនៃការប្រកួតកីឡាអាស៊ីដំបូងគេរបស់កម្ពុជាត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាតែងតាំងជាជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលមានឋានៈជាអគ្គនាយក។

ព្រះរាជក្រិត្យចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នៃព្រះករុណា ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈវីរកីឡារិនី ស៊ន សៀវម៉ី ជាលោកជំទាវ ជំនួយការសម្ដេចប្រធានព្រឹទ្ធសភាក្នុងនីតិកាលទី៤ ដោយពុំទទួលបានប្រាក់បំណាច់មុខងារឡើយ។វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស ស៊ីហ្គេម៣ជំនាន់ និងប្រវត្តិប្រកួតអន្តរជាតិ៖ វីរកីឡាការិនីតេក្វាន់ដូWT ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (South East Asian Games) SEA GAMES រៀងរាល់២ឆ្នាំម្តង រាប់តាំងពីស៊ីហ្គេម ឆ្នាំ២០១៣ មកដល់ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

កីឡាការិនី ស៊ន សៀវម៉ី កើតថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ១៩៩៥ កម្ពស់ ១,៨៣ម៉ែត្រ មានបងប្រុសឈ្មោះ ស៊ន អេលីត និងបងស្រី ស៊ន ដាវីន ដែលជាអតីតកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូដូចៗគ្នា។ មុនពេលឈានដល់មេដាយមាសក្នុងប្រវត្តិស៊ីហ្គេម កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១គ្រឿង កាលពីស៊ីហ្គេម លើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី លើវិញ្ញាសា ៥៦-៦២គីឡូក្រាម។ ស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (67-73kg)។ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (67-73kg) និងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ៣ពិន្ទុ ក្នុងម៉ោងបន្ថែម១នាទី (Golden Round) បន្ទាប់ពីកីឡាការិនីទាំងពីរនាក់មានពិន្ទុស្មើគ្នា ៩ទល់៩ ក្នុងការប្រកួតទាំង៣ទឹក។ ដូច្នេះ ក្នុងចំណោម ស៊ីហ្គេម ៥លើក កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធ១ រំលងតែស៊ីហ្គេម ២០១៥ ប៉ុណ្ណោះ។


ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីតេក្វាន់ដូ WT ដ៏មានប្រជាប្រិយភាពរបស់កម្ពុជារូបនេះធ្លាប់បានកសាងប្រវត្តិសាស្ត្រដ៏ធំធេងជូនជាតិផងដែរ ក្នុងកម្រិតទ្វីបអាស៊ី ដោយគេនៅចាំបានថា កីឡាអាស៊ី (ASIAN GAMES) ឆ្នាំ២០១៤ នៅអ៊ីនឈុន សាធារណរដ្ឋកូរ៉េ សៀវម៉ី បានប្រកួតឈ្នះមេដាយមាសជាលើកដំបូងចាប់តាំងពីប្រទេសកម្ពុជាចូលរួមកីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤ ដោយមាសមាសអាស៊ីលើកដំបូងនេះ គឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរយៈពេល ៦០ឆ្នាំរបស់កម្ពុជា (ឆ្នាំ២០១៤)។ ពេលនោះ សៀវម៉ី បានយកឈ្នះគូប្រកួតរបស់ខ្លួនលើកីឡាការិនីពីអ៊ូសបេគីស្ថាន ដោយពិន្ទុ ២៩ទល់៧ ហើយបន្តយកឈ្នះគូប្រជែងហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៦-៥ រួចបន្តយកឈ្នះគូប្រជែងអ៊ីរ៉ង់ ដោយលទ្ធផល ៧-៤ នៅវគ្គផ្តាច់ព្រ័ត្រ ហើយបានក្លាយជាកីឡាការិនីកម្ពុជាដំបូងគេ ដែលបានឈ្នះមេដាយមាស កីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤។ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី សៀវម៉ី បានធ្លាក់ចេញត្រឹមវគ្គជម្រុះ ប៉ុន្តែកម្ពុជាបានបង្កើនមេដាយមាស២គ្រឿងជាប្រវត្តិសាស្ត្រថ្មីផងដែរ ដោយប្រភេទកីឡាជឺជីតស៊ូ និងកីឡាម៉ូតូទឹក។


ដោយឡែកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម ដែលជាការប្រកួតប្រជែងកម្រិតខ្ពស់ជាងគេងបំផុតរបស់ពិភពលោក កីឡាការិនី ស៊ន សៀវម៉ី គឺជាបេក្ខភាពពេញសិទ្ធិតែមួយគត់របស់កម្ពុជា ក្នុងការប្រកួតឈ្នះវគ្គជម្រុះប្រចាំទ្វីបអាស៊ី ហើយបានទៅចូលរួមប្រកួត ក្នុងអូឡាំពិកហ្គេម នៅឆ្នាំ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយសារតែការចូលរួមរបស់កម្ពុជា ក្នុងអូឡាំពិកហ្គេម កន្លងទៅនោះ គឺជាការចូលរួមតាមការអញ្ជើញ ក្នុងកម្រិតសិទ្ធិអនុគ្រោះពីអន្តរជាតិតែប៉ុណ្ណោះ៕

រូបភាពឯកសារការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីន និងការទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល និងក្រុមហ៊ុន កន្លងមក

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT