Everton ​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត តម្លៃ​៥​លាន​ផោន​

ក្រុម Everton ​​បាន​សម្រេច​ទិញ​យក​ខ្សែ​ប្រយុទ្ធ ​Joshua King ​ពី​ក្រុម Bournemouth ​មក​រួម​ក្រុម​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៥​លាន​ផោន​។

​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​មាន​ក្លឹប​នៅ Premier League ​២​ទៀត​ចង់​បាន​គឺ Fulham ​និង​ Southampton ប៉ុន្តែ​ចុង​ក្រោយ​រូបគេ​បែរ​ជា​សម្រេច​ចិត្ត​មក​លេង​ជាមួយ​ក្រុម​លោក Carlo Ancelotti ​វិញ។ ​King ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម Bournemouth ​ដែល​ជួយ​ក្រុម​បាន​ច្រើន​មែនទែន​ក្នុង​ការ​ប្រកួត​លីគ​លំដាប់​ទី​២ Championship ​។ ​

​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​កាល​ពី​រដូវ​កាល​ដោះដូរ​ដើម​រដូវ​កាល​កន្លង​ទៅ ​ក្រុម​បិសាច​ក្រហម Manchester United ​ក៏​បាន​ទាក់ទង​ទិញ​រូបគេ​ផង​ដែរ ​ដោយ​គ្រា​នោះ​ដាក់​តម្លៃ​ដល់​២០​លាន​ផោន​ឯ​ណោះ តែ  Bournemouth ​មិន​ព្រម​លក់។ ​ចុង​ក្រោយ​បែរ​ជា​ព្រម​លក់​ឱ្យ​ក្រុម Everton ​​ក្នុង​តម្លៃ​ខ្លួន​៥​លាន​ផោន​ទៅ​វិញ៕

 

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT