នាយក​ធំ​ក្លឹប Bayern ឲ្យ​តម្រុយ​ពី​ក្លឹប​ថ្មី​ដែល David Alaba អាច​នឹង​ទៅ​ចូលរួម

David Alaba នឹង​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប Bayern Munich នៅ​បញ្ចប់​ខែ​មិថុនា ឆ្នាំ ២០២១ នេះ ហើយ​តាម​ការ​លើក​ឡើង​ពី​នាយក​ប្រតិបត្តិ​របស់​ក្លឹប លោក Karl-Heinz Rummenigge បាន​សង្កត់​ធ្ងន់​ថា ​ខ្សែ​ការពារ​ខ្លួន​នឹង​ប្រាកដ​ជា​ចាកចេញ​ពិត​មែន។

កីឡាករ​អូទ្រីស​មាន​ភាគរយ​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Liverpool, Real Madrid ឬ Chelsea ប៉ុន្តែ​ថ្ងៃ​នេះ​លោក Rummenigge បាន​និយាយ​ដល់​ក្លឹប Real Madrid ដែល​បង្ហាញ​ពី​តម្រុយ​នៅ​ភាគរយ​ខ្ពស់​ជាង​គេ។

ប្រាប់​សារព័ត៌មាន Sky Sports នាយក​ប្រតិបត្តិ​ខាង​លើ​និយាយ៖ “ខ្ញុំ​ច្បាស់ ៩៩,៩ ភាគរយ Alaba នឹង​ចាកចេញ​ពី​ក្លឹប​នៅ​បញ្ចប់​រដូវ​កាល ដោយ​ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​អាច​និយាយ​ពាក្យ​លា​ជាមួយ​ពាន​រង្វាន់​បន្ថែម​ទៀត​សម្រាប់​ក្លឹប”។

លោក​បន្ត៖ “David អាច​ចុះ​ហត្ថលេខា​សម្រាប់​ក្លឹប​នានា​ដែល​គេ​ចង់​ទៅ​ចូលរួម ខ្ញុំ​មិន​ច្បាស់​ថា​កិច្ច​ព្រមព្រៀង​ជាមួយ Real Madrid ជោគជ័យ​ឬ​អត់​ទេ តែ​នោះ​ជា​ក្លឹប​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​យល់​ថា​វា​ក៏​ជា​ការ​ចាប់​អារម្មណ៍​សម្រាប់​គេ​ផង​ដែរ”៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT