[ផ្លូវការ] Liverpool ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​ថ្មី ២ រូប​នៅ​ថ្ងៃ​ចុង​ក្រោយ​បិទ​ទីផ្សារ​ដោះដូរ

ក្លឹប​ហង្ស​ក្រហម Liverpool ទី​បំផុត​បាន​សម្រេច​ការ​នាំ​យក​ខ្សែ​ការពារ​ថ្មី ២ រូប​មក​ចូលរួម​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​រដូវ​រងា។

ក្នុង​នោះ​រួម​មាន​ខ្សែ​ការពារ​កណ្តាល Ben Davies របស់​ក្លឹប Prestton North End និង​ Ozan Kabak របស់​ក្លឹប Schalke 04។

សម្រាប់ Davies គឺ​ក្លឹប Liverpool ទិញ​យក​នៅ​តម្លៃ ៥៧០ ០០០ អឺរ៉ូ ជាមួយ​សុពលភាព​កុងត្រា​មិន​មាន​ការ​បញ្ជាក់ ប៉ុន្តែ​តាម​ដឹង​គឺ​មាន​រយៈ​ពេល​យូរ។ គេ​នឹង​ប្រើប្រាស់​អាវ​លេខ ២៨ នៅ​ក្លឹប​ម្ចាស់ដី Anfield ហើយ​បាន​និយាយ​យ៉ាង​រំភើប​បែប​នេះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​មក​ទី​នេះ ដោយ​វា​ជា​ឱកាស​ដ៏​ធំ​មួយ ហើយ​ក៏​ភ្ញាក់ផ្អើល​នៅ​ពេល​ដំបូង​ដែល​មាន​ឱកាស​មក​ដល់”។

ក្រឡេក​ទៅ Kabak ឯ​ណោះ​វិញ គឺ​ហង្ស​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ​ដល់​បញ្ចប់​រដូវ​កាល ហើយ​គេ​ក៏​ជា​កីឡាករ​លេង​តំណែង​ការពារ​កណ្តាល​ដូច​គ្នា ពោល​គឺ​យក​មក​ជំនួស Virgil van Dijk និង Joel Matip ដែល​សម្រាក​ព្យាបាល​របួស​រយៈ​ពេល​យូរ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT