ពានរង្វាន់បើក​រដូវកាល CAMBODIA AIRWAYS CUP 2021ចាប់​ស្អែក​នេះ​ហើយ

ក្លឹបកីឡាបាល់ទាត់បឹងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២០ បានប្រកាសរៀបចំការប្រកួតពានរង្វាន់មិត្តភាព CAMBODIA AIRWAYS CUP 2021 ដើម្បីត្រៀមការប្រកួតលីគកំពូលរដូវកាលថ្មី ២០២១ ដោយមាន៤ក្រុមចូលរួមប្រកួតប្រជែង​ខណៈ​ការ​ប្រកួត​នឹងចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។

លោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេត ដែលជាប្រធានគណៈកម្មការរៀបចំការប្រកួត  CAMBODIA AIRWAYS CUP 2021 បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋាន CAMBODIA AIRWAYS ថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីរិតចំណងសាមគ្គីភាពរវាងបណ្តាកឹ្លបនានា នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាសាកល្បងនូវគុណភាពបច្ចេកទេស ដើម្បីត្រៀមការប្រកួតផ្លូវការនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះមិនមានប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភីទេ ប៉ុន្តែថវិកាដែលរកបានពីការលក់សំបុត្រចូលទស្សនារបស់អ្នកគាំទ្រនឹងផ្តល់ជូនសម្រាប់កិច្ចការសប្បុរសធម៌ ដូចជាមន្ទីរពេទ្យជាដើម។ ការលក់សំបុត្រត្រូវបានកំណត់ចំនួន១០ភាគរយ សម្រាប់កៅអីកីឡដ្ឋាន CAMBODIA AIRWAYS តាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលយោងលើវិធានការរបស់ក្រសួងសុខាភិបាល។

No photo description available.

លោក បែ មករា បន្ថែមថា នេះជាឆ្នាំដំបូង ដែលបង្កើតឡើង ដើម្បីផ្តល់ជូនដល់អ្នកគាំទ្រនូវភាពសប្បាយរីករាយដោយកើតចេញពីការប្រកួតដ៏អស្ចារ្យនេះ។ ថវិកា ដែលទទួលបានក្នុងការរៀបចំនេះ គឺផ្តាច់មុខដោយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ដែលជាដៃគូសហការឧបត្ថម្ភធំរបស់ក្លិបបាល់ទាត់បឹងកេត ចាប់ពីដើមឆ្នាំ២០១៩មកម៉្លេះ។

CAMBODIA AIRWAYS CUP 2021 នេះមាន៤ក្រុម រួមមានម្ចាស់ផ្ទះ បឹងកេត អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និង នគរបាលជាតិ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមរូបមន្តប្រកួតលីគវិលជុំ ចំនួន១ជើង (ក្នុង១ក្រុមមាន៣ប្រកួត) ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងឈ្នះជើងឯកតែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT