Perez៖ “មិន​ហៅ​ Benzema ឲ្យ​ចូល​លេង ​ក៏​មិន​ខុស​ពី​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​បារាំង”

ប្រធាន​ក្លឹប​លោក Florentino Perez បាន​ចោទ​ជា​សំណួរ ហើយ​មិន​យល់​ថា​ហេតុអ្វី​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​តែ​មិន​រិះរក​ដំណោះស្រាយ​កោះ​ហៅ Karim Benzema ឲ្យ​មក​ចូលរួម​វិញ។

ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ខាង​លើ ខកខាន​លោក Didier Deschamps ដែល​ជា​អ្នកចាត់ការ​កោះ​ហៅ​មក​ចូលរួម​រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ ពោល​គឺ​គិត​តាំង​ពី​ឆ្នាំ ២០១៥។

យ៉ាងណាមិញ​លោក Perez ដែល​ជា​ប្រធាន​ក្លឹប Real Madrid បាន​និយាយ​ប្រាប់ Europe 1 Sport ថា៖ “ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​គេ​ [Benzema] នៅ​តែ​មិន​អាច​លេង​នោះ​ទេ ដោយ Karim ជា​កីឡាករ​ដ៏​ចម្បង​មួយ ហើយ​ខ្ញុំ​យល់​ថា​អវត្តមាន​របស់​គេ គឺ​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ការ​ដែល​មិន​ហៅ​លេខ ៩ ដ៏​ល្អ​បំផុត​របស់​អ្នក​ឲ្យ​មក​ចូលរួម វា​ជា​ការ​ខាតបង់”។

លោក​បន្ថែម​ពាក់ព័ន្ធ​នឹង​ឱកាស​ដែល Real អាច​បង្កើត​រូប​សំណាក់​សម្រាប់ Benzema បែប​នេះ​ថា៖ “គេ​ជា​វីរបុរស​របស់ Real Madrid ហើយ​ក៏​បាន​យក​ឈ្នះ​ជំនឿ​ទុក​ចិត្ត​និង​ការ​គោរព​ពី​អ្នក​គាំទ្រ​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT