Man Utd នឹង​បង្វែរ​រ៉ាដា​មក​ចាប់​អារម្មណ៍​កីឡាករ​រូប​នេះ ប្រសិន​បរាជ័យ​ការ​យក Sancho

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​បើក​ការ​ចរចា​ជាមួយ​ភាគី​ក្លឹប Barcelona សារ​ជា​ថ្មី ជុំវិញ​ការ​នាំ​យក Ousmane Dembele ប្រសិន​ណា​ពួក​គេ​បរាជ័យ​លើ​ការ​ចរចា​យក Jadon Sancho ចេញ​ពី​ក្លឹប Borussia Dortmund។

នៅ​រយៈ​ពេល​ចុង​ក្រោយ បិសាច​ក្រហម​នៅ​តែ​ត្រូវ​ការ​កីឡាករ​មាន​គុណភាព​ច្បាស់លាស់​មួយ នៅ​តំណែង​ស្លាប​ប្រយុទ្ធ ហើយ​មិន​ទាន់​យក​បាន​នរណា​ទាំង​អស់ ស្រប​ពេល​ដែល​ជាមួយ Sancho គឺ​ចរចា​មិន​ត្រូវ​ថ្លៃ ព្រោះ Dortmund ទាមទារ​ខ្ពស់​ជ្រុល​ដល់​ ១០៨ លាន​ផោន។

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន Bild ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer នឹង​បង្វែរ​រ៉ាដា​ទៅ​ចរចា​យក Dembele ពី​ក្លឹប​ម្ចាស់ដី Camp Nou វិញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ការ​ចង់​បាន Sancho គឺ​ទំនង​ជា​នឹង​បោះបង់​ត្រឹម​ហ្នឹង​ហើយ។

គួរ​បញ្ជាក់​ថា Dembele បច្ចុប្បន្ន​ជា​កីឡាករ​សកម្ម​មួយ​រូប​របស់​លោក Ronald Koeman ដែល​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២១ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ៣ លើក ហើយ Sancho រក​បាន ៦ គ្រាប់​និង Assist ១៣ លើក​នៅ​ការ​បង្ហាញ​ខ្លួន ២៣ ប្រកួត។

បញ្ជាក់​ថា Dembele នៅ​សេសសល់​កុងត្រា​ជាមួយ​អ្នក​មាន​បុណ្យ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​ជាមួយ​ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន កីឡាករ​បារាំង​អាច​មាន​តម្លៃ​ខ្ទង់ ៥០ លាន​អឺរ៉ូ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT