ដឹង​លេខ​អាវ​របស់ Jesse Lingard នៅ​ក្លឹប​ថ្មី​ West Ham United ហើយ

West Ham បាន​សម្រេច​ការ​ចុះ​ហត្ថលេខា​នាំ​យក Jesse Lingard ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប Man Utd ដល់​បញ្ចប់​រដូវ​កាល ២០២០/២១ នេះ។

Lingard គេ​បាន​ចូលរួម​លេង​ឲ្យ United ច្រើន​ជាង ២០០ ប្រកួត និង​កន្លង​មក​ក៏​ធ្លាប់​ខ្ចី​ជើង​ទៅ​ក្លឹប​មួយ​ចំនួន​ផង​ដែរ តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​គេ​នៅ​តែ​មិន​អាច​បង្ហាញ​ពី​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទើប​ក្លឹប​សម្រេច​ដាក់​ឲ្យ​គេ​ខ្ចី​ជើង​រយៈ​ពេល​ខ្លី​បន្ថែម​ទៀត។

ដោយឡែក​សម្រាប់​កីឡាករ​អង់គ្លេស​ដែល​ប្រើប្រាស់​អាវ​លេខ ១៤ នៅ Old Trafford សម្រាប់​ការ​ផ្ទេរ​មក West Ham សារ​នេះ គឺ​គេ​សម្រេច​ប្រើប្រាស់​អាវ​លេខ ១១។ ថ្លែង​ប្រាប់ West Ham TV កីឡាករ Lingard និយាយ៖ “ខ្ញុំ​ពិត​ជា​រំភើប ជាមួយ​ការ​បោះជំហាន​ថ្មី​ក្នុង​ជីវិត​របស់​ខ្ញុំ ដោយ​គ្មាន​អ្វី​ដែល​អាច​ធានា​បាន​នោះ​ទេ តែ​ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ជួយ​ក្រុម​និង​ពាំនាំ​នូវ​បទពិសោធន៍​ថ្មី តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់​ខ្ញុំ”។

គេ​បន្ថែម​ទៀត​ថា៖ “គោលដៅ​ចម្បង​បំផុត គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​រីករាយ​នឹង​ការ​លេង​បាល់ទាត់​សារ​ជា​ថ្មី ហើយ​អាច​មាន​ពេលវេលា​លើ​ទីលាន​ម្តង​ទៀត”។ រំឭក​ថា​រដូវ​កាល ២០២០/២១ ជាមួយ Man Utd ខ្សែ​បម្រើ​រូប​នេះ ចូលរួម​លេង​បាន​តែ ២ ប្រកួត​នៅ League Cup និង ១ ប្រកួត​នៅ FA Cup ប៉ុណ្ណោះ ហើយ​នៅ PL គឺ​គ្មាន​សូម្បី​មួយ៕

ប្រភព៖ Football.London

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT