ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ នារសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២១ថា កីឡាករ ដែលជាជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះសុទ្ធតែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំជាកីឡាករជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ និងលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានបើកការប្រកួតកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១មកនោះបានបញ្ចប់ហើយនាល្ងាចថ្ងៃទី២៩ មករាឆ្នាំ២០២១ នៅស្តាតចាស់។ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធ ក្រោមការគាំទ្រថវិកាក្រសួងអប់រំ យុវជន និងកីឡា និងសហការជាមួយក្រុមហ៊ុនសែលខាត ដែលមានរយៈពេល៥ថ្ងៃ។
ពិធីបិទការប្រកួតមានការចូលរួមធ្វើជាសាក្សីពីសំណាក់តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឆ្លងកាត់ការប្រកួតរយ:ពេល៥ថ្ងៃមកនោះ កីឡាករនៅសមាគមក្រសួងការពារជាតិបានឈ្នះមេដាយមាសច្រើនជាងគេ ក្នុងចំណោមវិញ្ញាសាចំនួន៩ប្រភេទទម្ងន់ ដែលគណៈកម្មការបច្ចេកទេសបានដាក់ឲ្យប្រកួតប្រជែង។
ក្រសួងការពារជាតិបានមេដាយមាសចំនួន៥ប្រភេទទម្ងន់ ក្នុងនោះមានទម្ងន់ ៤៨គីឡូក្រាម ទម្ងន់ ៥៧គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៧ គីឡូក្រាមនិងទម្ងន់ ៧១គីឡូក្រាម។ ចំពោះមេដាយប្រាក់បានចំនួន២គ្រឿងតែមិនបានទទួលមេដាយសំរិទ្ធឡើយ។ ក្រសួងមហាផ្ទៃឈ្នះបានមេដាយមាស២លើទម្ងន់ ៤៥ គីឡូក្រាមនិងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ហើយសមាគមប្រដាល់ខេត្តកោះកុងឈ្នះមេដាយមាស១ និងខេត្តស្វាយរៀងឈ្នះមេដាយមាស ១ លើប្រភេទទម្ងន់៥១គីឡូក្រាម។ ក្រៅពីនោះបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង ។
ខេត្តស្វាយរៀងបានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងសំរឺទ្ធ១គ្រឿង។ ខេត្តកោះកុងបានទទួលមេដាយមាសចំនួន១គ្រឿង និងមេដាយប្រាក់១គ្រឿង។
សូមបញ្ជាក់ថា ការប្រកួតជើងឯកកីឡាប្រដាល់គុនខ្មែរឆ្នាំ២០២០មានកីឡាករចំនួន១០៨នាក់មកពី១៦សមាគម មកពីរាជធានី-ខេត្តទូទាំងប្រទេស និងគណៈកម្មការបច្ចេកទេសជាង១០០នាក់ រួមមានគណៈកម្មការវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំសម្លៀកបំពាក់ គណៈកម្មការថ្លឹងទម្ងន់ និងគណៈកម្មការពេទ្យ៕
អត្ថបទ៖ CAMSOC