ប្រកាសបើកការប្រកួតកីឡាប៉េតង់ ជើងឯកថ្នាក់ជាតិ

ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានប្រកាសបើកការប្រកួតផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាថ្លែងក្នុងឱកាសបើកការប្រកួតនេះថា នៅក្នុងឆ្នាំ២០២០ កន្លងមក សហព័ន្ធបានធ្វើកិច្ចការធំៗ ដូចជារៀបចំការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ក៏ដូចជាការរៀបចំនូវរចនាសម្ព័ន្ធ ការតាមដានសកម្មភាពហ្វឹកហាត់ទំាងនេះទីពហុកីឡដ្ឋានជាតិនេះក្តី ក៏ដូចជានៅតាមបណ្តាខេត្តនានា ដែលនេះការងារស្នូលនៃការពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២១នេះដែរ សហព័ន្ធក៏ពិនិត្យលើការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគឺដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជារូបនេះបន្ថែមទៀតថា ក្នុងដំណើរការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះ មិនមែនត្រឹមតែការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែការចូលរួមខិតខំរបស់កីឡាករ កីឡារិនីតាមបណ្តាក្លឹបរាជធានីខេត្តទាំងអស់ គឺជាចំណែកដ៏សំខាន់ផងដែរ។ ចាប់តំាងពីការកកើតសហព័ន្ធ តាំងពីឆ្នាំ១៩៩២ ក្រោមការដឹកនាំគ្រប់គ្រងអភិវឌ្ឍរបស់សម្តេចវិបុលបញ្ញា សុខ អាន និងសម្តេចក្រឡាហោម ស ខេង បានកសាងសមិទ្ធផលជាច្រើនរហូតមកដល់បច្ចុប្បន្នបានធ្វើឱ្យវិស័យកីឡាប៉េតង់ពីបាតដៃទទេ ហើយអាចចាត់ទុកថាជាខ្លាកំណាចមួយ នៅអាស៊ី និងពិភពលោក។ ដូច្នេះហើយឯកឧត្តមប្រធានសហព័ន្ធក៏បានជំរុញទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការខិតខំ ដើម្បីបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លា ហើយតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដ៏ធំមួយនេះក៏ជាការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីតាមបណ្តារាជធានីខេត្ត ដើម្បីបានបង្ហាញសមត្ថភាព គុណភាពបច្ចេកទេស និងរកបានធនធានថ្មីៗបន្ថែមទៀតផងដែរ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរង សហព័ន្ធបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាការសន្សំធនធានមនុស្សប្រកបដោយសក្តានុពលក្នុងដំណើរពោរពេញទៅដោយសុទិដ្ឋិឆ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយសង្ឃឹមថា ឆ្នាំ២០២៣ កម្ពុជាច្បាស់នឹងក្លាយជាមហាអំណាចលើប្រភេទកីឡាប៊ូល និងប៉េតង់ ជាក់ជាមិនខាន។ ការប្រកួតកីឡាប៉េតង់ថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះមានវិញ្ញាសាដាក់ឱ្យប្រកួតចំនួន៦ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសុរបចំនួន៤៥២នាក់ ក្នុងនោះមានកីឡាករ២៨០ កីឡាការិនី ៧០នាក់ សរុប៣៥០នាក់)។ ចំពោះវិញ្ញាសាទាំងអស់ចំនួន៦នេះ ត្រូវប្រកួតតាមរូបមន្តវិលជុំ ដែលសរុបចំនួន ៣៧០ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT