សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានធ្វើការចាប់ឆ្នោតចែកពូលសម្រាប់ពានរង្វាន់ AFC Cup ដែលក្នុងនោះជើងឯកលីគកំពូលកម្ពុជា បឹងកេត ត្រូវជួបក្លិបវៀតណាម Hanoi FC និងក្លិប Bali United មកពីឥណ្ឌូនេស៊ី ហើយត្រូវរងចាំក្រុមឈ្នះមួយក្រុមទៀតមកពីវគ្គ Play-off (PO1) ខណៈលោក បែ មករាអគ្គលេខាធិកាក្លិបបឹងកេតថាក្រុមដឹងបឹងកេតជួបសុទ្ធតែក្រុមខ្លាំង។ ។
«ពិតមែនហើយ បើយើងមើលទៅលើប្រវត្តិ និងកម្រិតប្រកួតប្រជែងរបស់ក្រុមទាំង ២ កន្លងមក អាចចាត់ទុកថា Hanoi ក៏ដូចជា Bali ជាក្រុមខ្លាំង។ អ៊ីចឹងហើយទើបអ្នកគាំទ្រយើងគិតថា ជាពូលមរណៈ។ សម្រាប់យើង យើងនឹងតាមដានលើបច្ចុប្បន្នភាពរបស់ក្រុមទាំងនោះ ថាតើគេមានការផ្លាស់ប្ដូរកីឡាករ ឬវិវឌ្ឍកម្រិតគុណភាព សមត្ថភាពប៉ុណ្ណានោះទេ។ ក្រុមការងារបច្ចេកទេសរបស់យើង កំពុងសិក្សាលើក្លិបធំៗទាំង ២ នេះ»។
លោកបន្តថា ថៃ វៀតណាម ឥណ្ឌូនេស៊ី ក្នុងកម្រិតបាល់ទាត់អាស៊ានអាចនិយាយបានថា លើគេហើយ ប៉ុន្តែពុំដាច់ឆ្ងាយពីគ្នាពេកនោះទេ។ ប្រសិនបើមានការរៀបចំបានត្រឹមត្រូវ នោះការប្រកួតនឹងស្វិតស្វាញជាក់ជាពុំខាន។ក្រោយសង្កេតលើក្រុមគូប្រជែងរួចរាល់ហើយ បឹងកេតនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ត្រៀមចាំការប្រកួតចូលមកដល់។
បឹងកេតស្ថិតក្នុងពូល G នៃពានរង្វាន់លំដាប់ទី ២ នៅអាស៊ី AFC Cup ជាមួយ Hanoi FC និង Bali United មួយក្រុមទៀតមកពីវគ្គ Play-off (PO1) ។ ការប្រកួតត្រូវបានសន្មត់ថានឹងធ្វើឡើងតែ ១ ជើងប៉ុណ្ណោះ នៅទឹកដីកណ្ដាលមួយ ចន្លោះថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។ ក្រៅពីបឹងកេត ក្លិបកម្ពុជាក៏នៅមានជើងឯកពានសម្ដេចតេជោ វិសាខា មួយទៀតដែរ ដែលត្រូវប្រជែងវគ្គ Play-off ពានរង្វាន់ AFC Cup មួយនេះ។ វិសាខា ត្រូវការឈ្នះក្លិបទីម័រ Lalenok United ដាច់ខាត ដើម្បីដណ្ដើមឱកាសទៅវគ្គចែកពូលពីក្លិបឥណ្ឌូនេស៊ី Persipura Jayapura ៕
អត្ថបទនិងរូបភាព៖ CNCC