ខ្សែបម្រើ Oscar បានបង្ហើបគម្រោងទៅលេងនៅក្រុម Chelsea វិញហើយ មុនបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅថ្ងៃអនាគត។
កីឡាករវ័យ២៩ឆ្នាំកំពុងលេងឱ្យក្រុម Shanghai SIPG ជាមួយតម្លៃពលកម្មខ្ពស់មែនទែន។ តែបើទោះជាយ៉ាងនេះក្ដី កីឡាករប្រេស៊ីលរូបនេះបង្ហើបគម្រោងថ្ងៃអនាគតថានឹងមិននៅលេងនៅលីគចិនរហូតនោះទេ ដោយចង់ត្រលប់ទៅលេងនៅក្រុមតោខៀវវិញ កន្លែងដែលបានផ្ដល់គ្រប់យ៉ាងដល់រូបគេឱ្យមានថ្ងៃនេះ។
Oscar បាននិយាយបែបនេះថា៖ “ខ្ញុំអត់ទាន់គិតរឿងចេញពីចិនទេ នៅមានការងារល្អៗជាច្រើនទៀតនៅទីនេះ។ ប៉ុន្តែមុនបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំចង់ត្រលប់ទៅលេងនៅ Chelsea ។ ខ្ញុំបានកសាងរឿងល្អៗជាច្រើននៅទីនេះ និងបានទៅលេងនៅ Premier League តាំងពីក្មេង វាបានជួយផ្លាស់ប្ដូរខ្ញុំជាច្រើន”៕ប្រភព Goal