(វីដេអូ) ក្រោយ​កាច់​ស្លាប​ចាប​ស្រុក West Brom ៥-០ ឥឡូវ M.City ឡើង​ឈរ​កំពូល​តារាង​ហើយ

នៅ​ការ​ប្រកួត​ជុំ​ទី ១៩ សម្រាប់​ Man City ពួក​គេ​នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ តាម​រយៈ​ជ័យជម្នះ ៥-០ ទៅ​លើ West Brom នៅ​ឯ​កីឡដ្ឋាន The Hawthorns។ ៣ ពិន្ទុ​ដ៏​សំខាន់​បាន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola រំកិល​ឡើង​មក​ឈរ​កំពូល​តារាង នាំ​មុខ Man Utd ១ ពិន្ទុ​បណ្តោះ​អាសន្ន។

បង្វែរ​ទៅ​មើល​ស្ថិតិ​ប្រកួត ក្រុម​ភ្ញៀវ​បុក​តាំង​ពី​ដើម​តង់​ដល់​បញ្ចប់​តង់​មួយ​ចាស់​ដៃ តាម​រយៈ​ការ​គ្រប់គ្រង​បាល់​ ៧៨ ភាគរយ ស៊ុត ១៨ លើក ចំ​គោលដៅ ៧ លើក ធៀប​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ត្រឹម ២២ ភាគរយ ស៊ុត ៤ លើក ចំ​គោលដៅ ១ លើក​គត់។

មួយ​គ្រាប់​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Ilkay Gundogan នៅ​នាទី ៦ មុន​ខ្សែ​ការពារ Joao Cancelo បន្ថែម​គ្រាប់​បាល់​ទី​ពីរ ហើយ​រំលង​បាន ១០ នាទី Gundogan ដដែល​ជួយ​ឲ្យ City នាំ​មុខ​បី​គ្រាប់។ ប៉ុន្តែ​មាន​ទៅ​ចប់​ឯ​ណា មុន​បញ្ចប់​តង់​ទី​មួយ​នៅ​នាទី ៤៥+២ ​កីឡាករ​ជួរ​មុខ Riyad Mahrez ក៏​បន្ថែម​គ្រាប់​បាល់​ទី ៤ មុន​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ។ រហូត​មក​ដល់​តង់​ទី​ពីរ​នៅ​នាទី ៥៧ Raheem Sterling ជា​អ្នក​បង្ហើយ​គ្រាប់​បាល់​ទី ៥ និង​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT