[ផ្លូវការ] ក្លឹប Chelsea ប្រកាស​ចាត់តាំង​លោក Thomas Tuchel ជា​អ្នកចាត់ការ​ថ្មី

ក្លឹប​តោ​ខៀវ Chelsea បាន​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក​អ្នកចាត់ការ​ថ្មី​គឺ​លោក Thomas Tuchel ជាមួយ​សុពលភាព​កុងត្រា​រយៈ​ពេល ១៨ ខែ។

ថ្លែង​ជុំវិញ​ការ​ឡើង​កាន់​តំណែង​ថ្មី លោក Tuchel មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​អរគុណ​ដល់​ក្លឹប Chelsea FC សម្រាប់​ទំនុកចិត្ត​របស់​ពួក​គេ​មក​លើ​ខ្ញុំ និង​លើ​បុគ្គលិក​របស់​ខ្ញុំ ដោយ​យើង​រាល់​គ្នា​ក៏​មាន​ការ​គោរព​សម្រាប់​អ្វី​ដែល Frank Lampard ​បាន​ធ្វើ​និង​កេរ​ឈ្មោះ​របស់​គាត់​នៅ Chelsea កន្លង​មក​ផង​ដែរ”។

លោក​បន្ថែម​ទៀត​ថា៖ “ទន្ទឹម​គ្នា​នេះ ខ្ញុំ​ពិត​ជា​មិន​អាច​រង់ចាំ​នៅ​ការ​ជួបជុំ​ក្រុម​ថ្មី​និង​ការ​ប្រកួតប្រជែង​ក្នុង​លីគ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ​ទេ ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ Chelsea”។

គួរ​រំឭក​ថា Tuchel ធ្លាប់​បាន​ដឹកនាំ​ក្លឹប​នៅ Bundesliga ៧ រដូវ​កាល មាន Mainz ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឡើង​មក​លេង​នៅ UEL ហើយ​នៅ Dortmund ធ្លាប់​ឈ្នះ​ពាន German Cup។ រី​ឯ​នៅ PSG រដូវ​កាល​ចាស់​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ថែម​ទៀត​ផង។ ដោយឡែក​ជាមួយ Chelsea លោក​មាន​កូន​ក្រុម​ចាស់ ២ រូប​ដូច​ជា Christian Pulisic និង Thiago Silva៕

ប្រភព៖ Chelsea

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT