ក្រសួងមហាផ្ទៃឈរលេខ១ កីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិសរុបមេដាយ១៣គ្រឿង

សាលាគុនល្បុក្កតោក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ លើកំពូលតារាងមេដាយ ដោយឈ្នះមេដាយមាស៧វិញ្ញាសា នៃការប្រកួត កីឡាគុនល្បុក្កតោ ជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល ការ៉ាតេនៃសាកលវិទ្យា​ល័យភូមិន្ទភ្នំពេញ។

សាលាគុនល្បុក្កតោក្រសួងមហាផ្ទៃឈរលេខ១នេះ ដណ្តើមបានមេដាយមាស៧ ប្រាក់៦ សរុប១៣គ្រឿង, លេខ២ សាលាគុនល្បុក្កតោតារាជ មេដាយមាស៦ ប្រាក់១ និងលេខ៣ សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ មេដាយមាស៤  ប្រាក់២។ ក្រៅពីនេះក៏ មានសាលាគុនមួយចំនួនទៀតដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធិ មួយចំនួន ខណៈ សាលាគុនល្បុក្កតោចំនួន៧មិនដណ្តើមបានមេដាយសោះ ក្នុងចំណោមសាលា គុនចូលរួមសរុបចំនួន២៤មកពី១០រាជធានី-ខេត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំចូលរួមប្រកួតប្រជែងមេដាយរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីគ្រប់បណ្តាក្លឹបមកពីរាជធានីខេត្តទាំងអស់ ជាពិសេសគឺក្នុងការប្រកួត កីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ ទទួលបានការគំា ទ្រជាថវិកាជាង ១៦.៨៥០ដុល្លារអាម៉េរិកពីក្រុមហ៊ុន សម្រស់ធម្មជាតិ ដើម្បីជួយ ទ្រទ្រង់ដល់ដំណើរការប្រកួតនេះកាន់តែមានលក្ខណៈពិសេសជាងបណ្តាឆ្នាំមុនៗ។ ការជួយ ជ្រោមជ្រែងទាំងអស់នេះ គឺដើម្បីគោលបំណងអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនព្រលឹងវប្បធម៌ អត្តសញ្ញាណជាតិខ្មែរមួយនេះកាន់តែរីកធំធាត់ទាំងថ្នាក់ជាតិ និងសកលលោក។ តាមរយៈការប្រកួតឆ្នាំនេះ គឺជាការពង្រឹងគុណភាពបច្ចេកទេស ឱ្យមានស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងគោលដៅធំ ក្នុងការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។

ឯកឧត្តមប្រធានសហព័ន្ធសង្កត់ធ្ងន់ថា តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូ អភិវឌ្ឍន៍ក្រុមហ៊ុនសម្រស់ធម្មជាតិ កំពុងជំរុញបន្ថែម និងជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសនៃដំណើរការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនដូនតាខ្មែរ ដ៏មានវ័យចំណាស់មួយនេះឱ្យមាននិរន្តរភាព។ អ្វីដែលជាការកត់សម្គាល់បន្ថែម គឺការរចនា ទីលានប្រកួត របៀបរបប បម្រើការងាររបស់មន្ត្រីគណៈកម្មការ បច្ចេកទេសរៀប ចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រមក៏កាន់តែមានភាពល្អ ប្រសើរដូចគ្នាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT