ប្រធានក្លឹប និងកីឡាករចំនួន៤នាក់របស់ក្លឹប Palmas លេងនៅលីគទី៤ប្រេស៊ីល បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះកាលពីម្សិលមិញនេះ។
ក្លឹប Palmas ត្រូវប្រកួតជាមួយក្រុម Vila Nova ក្នុងពានរង្វាន់ Copa Verde កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ មុនការប្រកួតនោះចាប់ផ្ដើម ប្រធានក្លឹបរួមជាមួយកីឡាករ៤នាក់ទៀត បានធ្វើដំណើរទៅចូលរួមការប្រកួតនេះ ដោយជិះយន្ដហោះខ្នាតតូចមួយ។ ក្រោយពីយន្ដហោះធ្វើដំណើរចេញពីព្រលានបានបន្តិច ក៏ស្រាប់តែធ្លាក់ចុះតែម្ដង។
ក្លឹប Palmas បានចេញសេចក្ដីថ្លែងការណ៍មួយថាក្នុងហេតុការណ៍ធ្លាក់យន្ដហោះនេះ គឺមិនមានអ្នករស់រានមានជីវិតឡើយ។ នេះមានន័យថាប្រធានក្លឹបនិងកីឡាករចំនួន៤នាក់ដែលស្ថិតនៅលើយន្ដហោះនេះ បានបាត់បង់ជីវិតហើយ។ ចំពោះមូលហេតុនៃការធ្លាក់យន្ដហោះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕
ប្រភព៖ Marca