ក្រុម Yuetai Mekongers គ្រងតំណែងជើងឯកលីគបាល់បោះកម្ពុជាឆ្នាំ២០២០ ប្រាក់រង្វាន់៨លានរៀល

ក្រុមកីឡាបាល់បោះ Yuetai Mekongers ប្រជែងបានតំណែងជើងឯកនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះលីគ ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Extra Joss Fighters នៅវគ្គផ្តាច់ព្រ័ត្រ ដែលបានបញ្ចប់ជាស្ថាពរ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជាក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍន៍កីឡាបាល់បោះកម្ពុជា សម្រាប់ត្រៀមការប្រកួត SEA GAMES 2021 និង SEA GAMES 2023។

ចំណែកក្រុមកីឡាបាល់បោះ ABA Dragon បានត្រឹមចំណាត់ថ្នាក់លេខ៣នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះលីគ ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Master Tapsi នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ការប្រកួតនេះមាន៧ក្រុមចូលរួមដែលបានចាប់ផ្តើមការប្រកួតជាផ្លូវពាក់កណ្តាលឆ្នាំ២០២០ដោយសារតែមេរោគ COVID-19 ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២៤ខែមករាឆ្នាំ២០២១ទើបបញ្ចប់ការប្រកួតជាផ្លូវការ។

លោក ឈី សម្បត្តិ បានប្រសាសន៍ថា តាងនាមប្រធានសហព័ន្ធ និងរូបលោកផ្ទាល់សូមវាយតម្លៃខ្ពស់ចំពោះការប្រកួតដែលប្រកាន់ភ្ជាប់នូវវិន័យក្រមសីលធម៌ សម្រាប់ក្រុមចូលរួមការប្រកួតកីឡាបាល់បោះលីគ ឆ្នាំ២០២០ដោយជោគជ័យ។ ការប្រកួតនេះសម្រាប់អភិឌ្ឍនមន្រ្តីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតក្នុងការអភិឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមខ្លួនព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT