Paredes៖ “វា​ស៊ីសង​លើ​ Messi ទេ តែ PSG កំពុង​ព្យាយាម​អូសទាញ​គាត់​ហើយ”

កីឡាករ​រួម​សញ្ជាតិ​អាហ្សង់ទីន​ Leandro Paredes បាន​ឲ្យ​តម្រុយ​ជុំវិញ​ការ​បញ្ចុះបញ្ចូល​របស់​ក្លឹប PSG ទៅ​កាន់​ភាគី​ខាង​កីឡាករ Lionel Messi ​ដែល​ត្រូវ​ផុត​កុងត្រា​នា​បញ្ចប់​រដូវ​កាល ២០២០/២១។

ក្រុម​បារាំង​គឺ​ជា​ក្រុម​តែ​មួយ​ក្នុង​ចំណោម​ក្រុម​ធំៗ​ឯ​ទៀត ដែល​អាច​មាន​លទ្ធផល​ផ្តល់​ជូន​ប្រាក់​ពលកម្ម​សម្រាប់​តារា​ឆ្នើម​ខាង​លើ។ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ Paredes គេ​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន CdS ថា៖ “វា​ស៊ីសង​លើ Leo ទេ​ក្នុង​ការ​ផ្ទេរ​មក​ក្លឹប​មួយ​នេះ ខណៈ​ដែល PSG កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​ហើយ”។

លោក​បន្ថែម​ទៀត​ថា៖ “ការ​ដែល​អាច​លេង​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​មក​ពី​ប្រទេស​របស់​អ្នក [Pochettino]​ និងការដែលអាចលេងជាមួយ Leo គឺ​ជា​ឱកាស​ល្អ​បំផុត ខ្ញុំ​សង្ឃឹម​ថា​វា​អាច​កើត​ឡើង​ទៅ​បាន”។

គួរ​រំឭក​ថា​ប្រសិន Messi ព្រម​ផ្ទេរ​មក​គេ​ក៏​មាន​ឱកាស​ជួប​មិត្ត​រួម​សញ្ជាតិ Paredes និង Angel di Maria ហើយ​ជា​ពិសេស​គឺ​មិត្ត​ជំនិត​ Neymar កាល​រួម​ជើង​នៅ Barcelona ថែម​ទៀត​ផង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT