(វីដេអូ) ទោះ Salah រក​បាន ២ គ្រាប់​ក៏​នៅ​មិន​ឈ្នះ​ Free Kick មួយ​ជើង​របស់ Bruno

Man Utd បាន​យក​ឈ្នះ​ ៣-២ ទៅ​លើ​ហង្ស​ក្រហម Liverpool នៅ​ឯ​ជុំ​ទី ៤ ពាន​រង្វាន់ FA Cup។ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ ឃើញ​ថា​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​រៀង​ខ្លួន។

ស្ថិតិ​គ្រប់គ្រង​បាល់​ម្ចាស់​ផ្ទះ​មាន ៤១ ភាគរយ ខណៈ​ក្រុម​ភ្ញៀវ​មាន ៥៩ ភាគរយ ប៉ុន្តែ​ឱកាស​ស៊ុត​មាន ១៤ លើក​ដូច​គ្នា និង​ចំ​គោលដៅ ៦ លើក​ដូច​គ្នា។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​ Mohamed Salah នៅ​នាទី ១៨ មុន​រំលង ៨ នាទី​យុវជន Mason Greenwood តាម​ស្មើ​បាន​មួយ​គ្រាប់​វិញ។ រហូត​ដល់​នាទី ៤៨ ទើប Marcus Rashford ស៊ុត​ផុត​ដៃ Alisson បន្ថែម​គ្រាប់​បាល់​ទី ២ ហើយ​រំលង ១០ នាទី Salah ក៏​បន្ថែម​គ្រាប់​បាល់​ទី ២ សម្រាប់​ខ្លួន​ផង​ដែរ។

ការ​ប្រកួត​នៅ​បន្ត​តានតឹង មក​ដល់​នាទី ៧៨ ក្រុម Man Utd មាន​ឱកាស​ស៊ុត Free Kick ​ក្បែរ​ប្រអប់​គ្រោះថ្នាក់ ហើយ Bruno Fernandes គេ​ស៊ុត​ស៊ី​ជ្រុង ៩០ បាន​យ៉ាង​ល្អ និង​ជា​គ្រាប់​បាល់​ទម្លាក់​ហង្ស​ចេញ​ពី FA Cup ត្រឹម​ជុំ​ទី ៤៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT