Solskjaer៖ “ខ្ញុំ​ក៏​ធ្លាប់​ជួប​ស្ថានភាព​ដូច​ Van de Beek កាល​គ្រូ​តា Sir Alex ដឹកនាំ​ដែរ”

កីឡាករ​ចំណូល​ថ្មី Donny van de Beek ត្រូវ​បាន​អ្នកចាត់ការ​លោក Ole Gunnar Solskjaer និយាយ​ចំៗ​ថា​លោក​ហ៊ាន​និយាយ​ថា​គេ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដែល​មិន​សូវ​មាន​ពេលវេលា​លេង តែ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​ខិតខំ​បន្ត ព្រោះ​កាល​សម័យ​លោក​ផ្ទេរ​មក​ជា​កីឡាករ​ដំបូងៗ​ក៏​ធ្លាប់​ជួប​រឿង​អ៊ីចឹង​ដែរ។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ២៣ ឆ្នាំ ដែល​ផ្ទេរ​ពី Ajax មក United កាល​ពី​រដូវ​ក្តៅ បង្ហាញ​ខ្លួន​សរុប ២១ ប្រកួត តែ​នៅ Premier League បាន​ចូលរួម​នៅ​ជម្រើស​ដំបូង​តែ ២ លើក​ប៉ុណ្ណោះ។ ស្ថានភាព​ជាក់ស្តែង​ Ole ក៏​ពិបាក​នឹង​ជ្រើសរើស​ដែរ ព្រោះ​មាន​ជម្រើស Fred, Scott McTominay, Paul Pogba និង Bruno Fernandes។

យ៉ាងណាមិញ​លោក Ole ​និយាយ​ថា៖ “ខ្ញុំ​មិន​និយាយ​ថា Donny គេ​រីករាយ​ទេ ដោយ​ការ​ពិត​ទៅ​គេ​ចង់​លេង​ច្រើន​ជាង​នេះ ប៉ុន្តែ​ពេល​នេះ​គឺ​មិន​ទាន់​ដល់​ពេល ដោយ​ក្រុម​យើង​ធ្វើ​បាន​ល្អ​ហើយ ក្នុង​ការ​កំណត់​ថា​នរណា​ត្រូវ​លេង​នៅ​តំណែង​ណា​មួយ”។

លោក​សង្កត់​ធ្ងន់៖ “គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកដល់​ខ្លួន​ឯង ពេល​ខ្ញុំ​មក​ដល់​ដំបូង ក៏​ខ្ញុំ​ពិបាក​និង​មាន​ការ​ប្រកួតប្រជែង​អ៊ីចឹង​ដូច​គ្នា ដោយ​ពេល​លោក Sir Alex មិន​ជ្រើសរើស​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​រីករាយ​ព្រោះ​សំខាន់​ក្រុម​យើង​ឈ្នះ ហើយ Donny ក៏​គេ​ជា​ប្រភេទ​មនុស្ស​បែប​ហ្នឹង​ដែរ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT