ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកជាតិឆ្នាំ២០២០ចាប់ផ្ដើមការប្រកួតថ្ងៃ​នេះ​ហើយ

ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកជាតិឆ្នាំ២០២០ នៅខេត្តកែប នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះតទៅ ដែលការប្រកួតនេះមានចំនួន៣វិញ្ញាសា គឺទ្រីយ៉ាត្លុង (Triathlon) ឌូអាត្លុង (Duathlon) និងអាគ័រត្លុង (Aquathlon)។

លោកស្រី សូ រ៉ាន់ដេត ប្រធានគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា សម្រាប់ថ្ងៃដំបូង គឺសហព័ន្ធផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីបានហ្វឹកហាត់សិន ហើយនៅថ្ងៃបន្ទាប់ការប្រកួតនឹងចាប់ផ្ដើម។ សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុងមានកីឡាករចូលរួមចំនួន១៤រូប និង កីឡាការិនីចំនួន៤រូប។ សម្រាប់វិញ្ញាសានេះ គឺត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ៧៥០ម៉ែត្រ បន្ទាប់មក ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ។

សម្រាប់ប្រភេទកីឡាឌូអាត្លុង មានកីឡាករចូលរួមចំនួន២០រូប និងកីឡាការិនីចំនួន១២រូប។ ប្រភេទវិញ្ញាសានេះ ចាប់ផ្ដើមដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ខណៈវិញ្ញាសាអាគ័រត្លុងមានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា អាគ័រត្លុងនេះ គឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ដែលវិញ្ញាសាអាគ័រត្លុងចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងបញ្ចប់ដោយការរត់ប្រណាំងចម្ងាយ២,៥០គីឡូម៉ែត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT