(វីដេអូ) ទទួល​យក​មិន​បាន​ទេ! Real ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​នៅ​លីគ​លំដាប់​ទី ៣ ​កាល​ពី​យប់​មិញ

នៅ​ការ​ប្រកួត​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ ក្លឹប Real Madrid បាន​ទទួល​រង​ភាព​អា.ម៉ាស​សារ​ជា​ថ្មី​ហើយ តាម​រយៈ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Alcoyano ដែល​ជា​ក្រុម​មក​ពី​លីគ​លំដាប់​ទី ៣ របស់​អេស្ប៉ាញ។

វា​ជា​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ដែល​ក្រុម​ភ្ញៀវ​បាន​ចាញ់​ក្រោម​លទ្ធផល ១-២ ដោយសារ​បាល់​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ស្រប​ពេល​នៅ​បញ្ចប់​ ៩០ នាទី​ក្រុម​ទាំង​ពីរ​ស្មើ ១-១។

បង្វែរ​ទៅ​មើល​ស្ថិតិ​ក្នុង​ការ​ប្រកួត អាច​ថា Real ស៊យ​ក៏​បាន ដោយ​ពួក​គេ​មាន​ឱកាស​ច្រើន​ដែរ​តែ​ធ្វើ​មិន​បាន​ល្អ ជាមួយ​ការ​ស៊ុត​ចំ​គោលដៅ​ដល់​ទៅ ៧ លើក រក​បាន​តែ​មួយ​គ្រាប់​គត់ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ស៊ុត​ចំ​គោលដៅ ២ លើក ចូល​ទាំង​ពីរ​គ្រាប់។

គ្រាប់​បាល់​បើក​ឆាក​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Eder Militao ក្រោយ​ការ Assist ចេញ​ពី Marcelo នៅ​នាទី ៤៥ កៀក​បញ្ចប់​ការ​ប្រកួត រហូត​ដល់​នាទី ៨០ នៅ​តង់​ទី​ពីរ​ទើប Jose Solbes របស់​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ។ លុះ​ដល់​បន្ថែម ១៥ នាទី​ពីរ​ដង បើ​ទោះ​បី​ជា​កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ​រង​ពិន័យ​កាត​ក្រហម​មួយ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​សំណាង​អាច​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី ១១៥ ធ្វើ​ឲ្យ Real ចាញ់​ទាំង​មិន​អស់​ចិត្ត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT