(វីដេអូ) Ronaldo រក​បាន​គ្រាប់​បាល់​ទី ៧៦០ និង​លើក​ពាន Super Cup ជាមួយ Juventus

ក្រុម​សេះ​បង្កង់ Juventus បាន​យក​ឈ្នះ​នៅ​លទ្ធផល ២-០ ទៅ​លើ​ក្រុម Napoli សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ Super Cup ឬ Supercoppa Italiana កាល​ពី​យប់​មិញ។

វា​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដែល​ក្រុម​ទាំង​ពីរ​បាន​ព្យាយាម​ស្វះស្វែង​រក​គ្រាប់​បាល់​រៀង​ខ្លួន ដោយ​ខាង Juventus មាន​ឱកាស​ស៊ុត​ចំ​គោលដៅ ៣ លើក នៅ​ការ​ស៊ុត​ចេញ ៧ លើក និង​គ្រប់គ្រង​បាល់ ៥៣ ភាគរយ។ រី​ឯ Napoli ស៊ុត​ចំ​គោលដៅ ៣ លើក គ្រប់គ្រង​បាល់ ៤៧ ភាគរយ ប៉ុន្តែ​ពុំ​មាន​ការ​បញ្ចប់ទី​រក​គ្រាប់​បាល់​នោះ​ទេ។

ការ​នាំ​មុខ​គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី ៦៤ ពេល Cristiano Ronaldo កាប់​បាល់​ពាក់​កណ្តាល Volley កំឡុង​ការ​លើក​បាល់​ជ្រុង​ពី​មិត្ត​រួម​ក្រុម។ ដល់​នាទី ៨០ ខាង Napoli មាន​ឱកាស​តាម​ស្មើ​ដោយ​បាល់ ១១ ម៉ែត្រ ប៉ុន្តែ Lorenzo Insigne ស៊ុត​ខុស​គោលដៅ។ ក្រោយ​មក​កៀក​ចប់​ការ​ប្រកួត​នាទី ៩០+៥ ស្រាប់​តែ​សេះ​បង្កង់​មាន​ឱកាស​វាយ​បក Counter Attack លឿនៗ ដែល​ជា​ការ​កាត់​បាល់​ចេញ​ពី Juan Cuadrado ហើយ Alvaro Morata រត់​ទៅ​បញ្ចប់​ទី​បាន​យ៉ាង​ល្អ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា នេះ​ក៏​ជា​គ្រាប់​បាល់​ទី ៧៦០ សម្រាប់ Cristiano Ronaldo ដែល​បាន​នាំ​មុខ​អតីត​វីរបុរស​លោក Josef Bican មួយ​គ្រាប់ និង​ក្លាយ​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ផង​ដែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT