ព្រមានដុសក្អែលមន្ត្រីបច្ចេកទេសមុនការប្រកួតកីឡាប្រដាល់គុនខ្មែរថ្នាក់ជាតិមកដល់

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេសរបស់ខ្លួនជិត១០០នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះសហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេសតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកមានចំនួន៣០ទៅដល់៤០នាក់ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរត្រៀមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរមានសមត្ថភាពច្បាស់លាស់ ពីព្រោះក្នុងឆ្នាំ២០២១សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ គឺព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២១ ដែលនឹងប្រព្រឹត្តទៅនាមិថុនាឆ្នាំ២០២១ និងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១“ASEANChampionships” នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាខែសីហា ឆ្នាំ២០២១ ដោយមានប្រទេសចំនួន១១ចូលរួម មុនការប្រកួតកីឡា SEA GAMES 2023 មកដល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT