ជើងឯកថ្នាក់ជាតិប្រដាល់សកល ជាការប្រកួតដ៏សំខាន់ ក្នុងការជ្រើសរើសក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គូស បញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែល បានពន្យារពេល២លើកមកប្រកួតចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ គឺ ជាការប្រកួតដ៏សំខាន់ ដើម្បីឱ្យសហព័ន្ធអាចជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗបញ្ចូលក្នុង ក្រុមជម្រើសជាតិ ត្រៀមទៅប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នា ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេស វៀតណាម។

ការប្រកួតកីឡាប្រដាល់សកលជ្រើសរើស ជើង ឯកថ្នាក់ជាតិនេះមានសមាគមចូលរួមចំនួន១១ ក្នុងនោះមាន៨រាជធានីខេត្ត និងក្រសួង ចំនួន៣ ដែលមានកីឡាករ កីឡាការិនីចុះឈ្មោះចំនួន៥៨នាក់ ប៉ុន្តែជាក់ស្តែងគឺមាន ចំនួន៣៨នាក់ ដោយសារកីឡាករខ្លះអវត្តមាន និងខ្លះទៀតលើសទម្ងន់ ដែលមាន៧ប្រភេទ ទម្ងន់ផ្នែកបុរស និង១ប្រភេទទម្ងន់ផ្នែកនារី។

លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា នេះជាពេលវេលាល្អ ដែលសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជាបានរៀបចំនៅក្នុងខែមករា ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ គឺសហព័ន្ធ នឹងជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិ ហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម។ សម្រាប់ស៊ីហ្គេម លើកទី៣១នេះ ត្រូវបានកែសម្រួលប្រភេទទម្ងន់ខុសពីប្រភេទទម្ងន់ស៊ីហ្គេម មុនៗបន្តិច ដោយស្ថាប័ន ប្រដាល់សកលអន្តរជាតិ (AIBA) បានកែសម្រួលប្រភេទទម្ងន់តាមអូឡាំពិក ក្នុងនោះដូចជា ប្រភេទទម្ងន់ ៤៩, ៥២, ៥៧, ៦៣ និងទម្ងន់៦៩ ហើយម្ចាស់ផ្ទះវៀតណាម បានបន្ថែមប្រភេទទម្ងន់លើផ្នែកនារីរហូតដល់៥ប្រភេទទម្ងន់ ដោយកាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដាក់ត្រឹមតែ៣ប្រភេទទម្ងន់ប៉ុណ្ណោះ។

លោកអគ្គលេខាធិការ បានបង្ហាញនូវយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាប្រដាល់ សកលកម្ពុជា ក្នុងការកែទម្រង់ លើការជ្រើសរើសគ្រូបង្វឹកបរទេសឱ្យបានច្រើន ដោយសារ វិបត្តិជំងឺកូវីដ-១៩ យើងមានការលំបាកបញ្ជូនកីឡាករ កីឡាការិនីកម្ពុជាចេញ ទៅហ្វឹកហាត់នៅក្រៅប្រទេស។ សហព័ន្ធបានត្រៀមកីឡាករជម្រើសជាតិចំនួន១៥នាក់ ដែល នៅពេលជិត១ឆ្នាំដែរ សម្រាប់ស៊ីហ្គេម នៅប្រទេសវៀតណាមនេះ ដូច្នេះសហព័ន្ធនឹង ខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីរៀបចំក្រុមជម្រើសជាតិរបស់ខ្លួនឱ្យបានរួចរាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT