Mustafi ផ្ញើ​សារ​រំជួល.ចិត្ត​ទៅ Ozil ​ដែល​ទើប​ចាកចេញ​និង​ហោះ​ទៅ​ដល់​ក្លឹប​ថ្មី

Mesut Ozil ​នឹង​ត្រូវ​បាន​ប្រកាស​ជា​កីឡាករ​ថ្មី​របស់​ក្លឹប Fenerbahce នៅ​ឯ​ប្រទេស​ទួរគី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​វត្តមាន​របស់​កីឡាករ​បាន​ហោះ​ទៅ​ដល់​ប្រទេស​នោះ​និង​ទទួល​ការ​ស្វាគមន៍​ពី​មនុស្ស​ជា​ច្រើន​រួច​ទៅ​ហើយ។

សម្រាប់ Ozil គេ​បាន​ខកខាន​លេង​ឲ្យ​កាំភ្លើង​ធំ​តាំង​ពី​ខែ​មិនា ឆ្នាំ ២០២០ តែ​ក៏​នៅ​បន្ត​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​ប្រមាណ ៣៥០ ០០០ ផោន/សប្តាហ៍។ ដោយសារ​រង​ភាព​រកាំរកូស​ដោះស្រាយ​មិន​ចេញ សាមី​ខ្លួន​ក៏​សម្រេច​ចិត្ត​ចាកចេញ​ត្រឹម​ខែ​មករា​នេះ ដែល​មុន​កាល​កំណត់​ក្នុង​កុងត្រា​រយៈ​ពេល​ជាង ៥ ខែ។

យ៉ាងណាមិញ​កីឡាករ​វ័យ ៣២ ឆ្នាំ​ក៏​នៅ​តែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​មិត្ត​រួម​ក្រុម​នៅ​កីឡដ្ឋាន Emirate គឺ Shkodran Mustafi ដែល​គេ​បាន​សរសេរ​នៅ​លើ Twitter បែប​នេះ​ថា៖ “អ្នក​គឺ​ជា​កីឡាករ​ដែល​មិន​អាត្មានិយម​មិន​ថា​តែ​ក្នុង​និង​ក្រៅ​ទីលាន ​ជា​មនុស្ស​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​រួម​បន្ទុក​ជាមួយ​កន្លង​មក”។

លោក​បន្ថែម​ទៀត​ថា៖ “អ្នក​នឹង​នៅ​តែ​ត្រូវ​បាន​គេ​ចងចាំ​ជា​ស្តេច Assist បាល់​ដ៏​ល្អ​មួយ តែ​សោកស្តាយ​ដែល​ក្នុង​នាម​យើង​ជា​ក្រុម​តែ​មួយ យើង​មិន​អាច​ជួយ​អ្នក​វិញ​បាន​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ពួក​យើង​បំផុត ជូនពរ​ឲ្យ​ជួប​តែ​រឿង​ល្អ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT