FFC ពិន័យមិនឲ្យលោក ភា សុភក្ត្រា ដឹកនាំក្រុមរហូតចប់រដូវកាលនិងប្រាក់១លានរៀល

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពិន័យលោក ភា សុភក្ត្រា គ្រូបង្គោលក្រុមក្រសួងការពារជាតិ មិនឲ្យចូលរួមការប្រកួតលីគកំពូលកម្ពុជារហូតដល់ចប់រដូវកាល២០១៨ និងពិន័យជាប្រាក់១លានរៀល។

យោងលិខិតលេខ៤២៣ចេញផ្សាយជាសាធារណៈមុននេះ FFC បានបង្ខាំងគ្រូធំរូបនេះ មិនអោយចូលដឹកនាំក្រុមក្នុងលីគរយៈពេល៦សប្តាហ៍ ដែលតួរលេខនេះគឺសមល្មមនិងលីគកំពូលកម្ពុជាបញ្ចប់តែម្តង។

គួរកត់សម្គាល់ថា ការពិន័យនេះកើតចេញពីការចូលទីលានតវ៉ាកាលជំនួបតទល់សូលទីឡូអង្គរ ២-២ នៅសៀមរាប ដែលអាជ្ញាកណ្តាលសម្រេចចិត្តប្តូរលទ្ធផលភ្លាមៗចំនួន២ដងនូវគ្រាប់បាល់ចុងក្រោយ ដែលអាជ្ញាកណ្តាលខ្សែបន្ទាត់អះអាងថាជាបាល់ជំហរក្រៅល្បែង។ ទោះដំបូងអាជ្ញាកណ្តាលលើទីលានបដិសេធ និងផ្តល់បាល់ Goal Kick ទៅអ្នកចាំទីក្តី ប៉ុន្តែក្រោយពីកីឡាករសូលទីឡូអង្គរចូលតវ៉ា អាជ្ញាកណ្តាល សម្រេចចិត្តឲ្យចូលវិញតែម្តង។

ប្រការនេះ បញ្ឆេះកំហឹងកីឡាករលើទីលាន និងគ្រូបង្វឹករួមទាំងអ្នកចាត់ការទ័ពយ៉ាងខ្លាំង ដែលពុំពេញចិត្តនិងការកាត់សេចក្តីនេះ។

គួរបញ្ជាក់ថា លោក ភា សុភក្ត្រា និងក្លឹបមានពេល៥ថ្ងៃក្នុងការប្តឹងទៅឧទ្ធរណ៍ដើម្បីជំទាស់ទណ្ឌកម្មនេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT