ក្រុមបាល់ទាត់ Cambodian Fan Club All Stars ឬត្រូវបានយើងនិយមស្គាល់តគ្នាថា CFA ថ្មីៗនេះបានប្រកាសស្វាគមន៍ការមកដល់នូវសមាជិកថ្មីមួយរូបបន្ថែមទៀតហើយ នោះគឺតារាចម្រៀងនិងសម្តែងលោក នូ ឧសភា។
ការមកចូលរួមរបស់ម្ចាស់បទ “ព្រងើយ” ខាងលើនេះ គឺនឹងលេងនៅតួនាទីជា ខ្សែការពារ ហើយប្រើប្រាស់អាវលេខ ២២។
គួររំឭកថា លោក នូ ឧសភា បានទទួលការចាប់អារម្មណ៍ និងមានឈ្មោះបោះសំឡេងខ្លាំង ក្រោយពីចេញបទ “ព្រងើយ” ហើយមានការចុចទស្សនាដល់ទៅជាង ៧ លានដង ដែលជាបទចម្រៀងមានការគាំទ្រច្រើនដាច់គេលើគណនីផ្លូវការ TMSCambodia។
ដោយឡែកសម្រាប់ក្រុម CFA ឯណេះវិញ ការមកដល់នូវវត្តមានលោក នូ ឧសភា ក៏នឹងបន្ថែមផ្លែផ្កាមួយកម្រិតទៀត ទាំងនៅលើទីលាន និងនៅការចូលរួមការងារសប្បុរសធម៌នានានៅពេលខាងមុខ។ តាមគម្រោងរបស់ CFA គ្រោងនឹងបង្កើតកម្មវិធីសប្បុរសធម៌ខ្នាតធំមួយនៅរាជធានីភ្នំពេញនាឆ្នាំ ២០២១ នេះ ហើយមានសមាជិកដែលជាសិល្បករល្បីៗ ជាច្រើនចូលរួម ដូចជាលោក ម៉ៅ ហាជី, ដា ភ្លេង, ក្រុមតន្រ្តី Suffer Band, លោក អ៊ុំ សុវណ្ណគិរី និងលោក នូ ឧសភាជាដើម៕