ក្រោយពីចុះកុងត្រាជាមួយខាងក្រុមហ៊ុន Relevent មក លីគកំពូលអេស្ប៉ាញ La Liga នឹងត្រូវលេង១ប្រកួតនៅទឹកដីអាមេរិក ចាប់ពីរដូវកាលនេះតទៅ ក្នុងកុងត្រារយៈពេល១៥ឆ្នាំ។
លីគ La Liga បានប្រកាសកុងត្រានេះកាលពីយប់មិញ ដូច្នេះពួកគេត្រូវលេង១ប្រកួតជានិច្ចនៅទឹកដីអាមេរិក ឬកាណាដា។ យ៉ាងណាមិញ លោក Javier Tebas ប្រធាន La Liga បានបញ្ជាក់ថានឹងមានការប្រកួតដូច្នេះមែន ប៉ុន្តែ១ប្រកួតនោះគឺមិនមែនជាប្រកួតរវាងក្រុម Real Madrid និង FC Barcelona នោះទេ។ មិនត្រឹមតែមាននៅអាមេរិកឡើយ ប្រធានរូបនេះធ្លាប់និយាយឆ្នាំមុនទៀតថា La Liga អាចនឹងមានការប្រកួត១ប្រកួតនៅទឹកដីប្រទេសចិនថែមទៀត ប្រសិនបើមានការចរចាត្រូវគ្នា។
ការបែងចែកការប្រកួតទៅក្រៅប្រទេសនេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ La Liga ដើម្បីឱ្យប្រជាប្រិយភាពលីគកំពូលអេស្ប៉ាញនេះ ល្បីល្បាញ និងដើម្បីប្រជែងជាមួយលីគអង់គ្លេស Premier League ។ ខណៈដែលតម្លៃកុងត្រា១៥ឆ្នាំជាមួយក្រុម Relevent ដែលជាក្រុមហ៊ុនបង្កើតពានរង្វាន់ International Champions Cup នោះ គឺមិនតម្រូវឱ្យដឹងឡើយ។
គេអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា ការបង្កើតលីគនៅអាមេរិកនិងកាណាដានេះ គឺពួកគេចង់ឱ្យតំបន់អាមេរិកកាន់តែល្បីឡើង ក៏ដូចជាត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2026 ខាងមុខ៕ប្រភព៖ DailyMail