គ្រូ​បង្វឹក​របស់ McGregor បង្ហើប​ពី​ពេលវេលា​ដែល​អាច​ជួប Pacquiao លើ​សង្វៀន

នៅ​ថ្ងៃ​ទី ២៤ ​មករា ឆ្នាំ ២០២១ ​អ្នក​ប្រដាល់​ក្បាច់​គុណ​ចម្រុះ Conor McGregor នឹង​ត្រូវ​តតាំង​គ្នា​ទល់ Dustin Poirier ដែល​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​ Abu Dhabi ប្រទេស​អារ៉ាប់​រួម។

ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ ក៏​ស្រាប់​តែ​លឺ​តម្រុយ​មក​ថា McGregor អាច​នឹង​មាន​ការ​ប្រកួត​ធំ​មួយ​ផ្សេង​ទៀត​នៅ​កំឡុង​ពេល​ ៣ ទៅ ៥ ខែ​បន្ទាប់ ហើយ​ទំនង​ជា​ប៉ះ​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao។

តាម​ការ​បង្ហើប​ពី​គ្រូ​បង្វឹក​របស់​កីឡាករ​អៀរឡង់​ លោក Phil Sutcliffe បាន​និយាយ​ថា៖ “៨៥ ទៅ ៩០ ភាគរយ​គឺ​អាច​កើត​ឡើង នៅ​កំឡុង​ខែ​មិនា មេសា ឬ​ក៏​ឧសភា ដោយ​ពេល​នេះ McGregor គេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដោយ​ក្រោយ​ចប់​ការ​ប្រកួត​គេ​ក៏​នឹង​បន្ត​ហ្វឹកហាត់​ជាប់លាប់​ដែរ”។

គួរ​រំឭក​ថា McGregor ​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​អាជីព​តែ​មួយ​លើក​គត់ ដោយ​កាល​នោះ​នៅ​កម្មវិធី “The Money Fight” ដែល​ជា​ការ​ជួប​គ្នា​ទល់ Floyd Mayweather ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧ ហើយ​លោក​ទទួល​រង​បរាជ័យ​នៅ​ជុំ​ទី ១០។

ស្រប​ពេល​ដែល Pacquiao មិន​ធ្លាប់​តតាំង​អ្នក​ប្រដាល់ MMA ពី​មុន​មក​នោះ​ទេ ហើយ​លោក​បាន​ខកខាន​ឡើង​សង្វៀន​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ២០ ​កក្កដា ឆ្នាំ ២០១៩ ដែល​ជា​ជ័យជម្នះ​លើក​ចុង​ក្រោយ​ទល់​អ្នក​ប្រដាល់​អាមេរិក Keith Thurman៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT