សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសជូនដំណឹងជាផ្លូវការស្តីពីការប្រកួត កីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ខាងមុខ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំ ពិក។

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់នៅ ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា នេះជាការប្រកាសជូនដំណឹងជូនដល់ប្រធានសមាគម ក្លឹបកីឡាប៊ូល និងប៉េតង់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដើម្បីបញ្ជូនកីឡាករ កីឡា ការិនីរបស់ខ្លួនចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០។

វិញ្ញាសាដែលដាក់ឱ្យប្រកួតប្រជែងមានចំនួន៦រួមមាន៖ ១-វិញ្ញាសាបុរស ៣នាក់ ទល់៣នាក់ (ពានធំ), វិញ្ញាសានារី ៣នាក់ ទល់៣នាក់, យុវជន១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវនារី ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥) និងវិញ្ញាសា ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥)។

ចំពោះសមាគម ក្លឹបដែលអាចចុះឈ្មោះចូលរួមប្រកួតបាន គឺក្នុង១ក្រុមបានតែ១ វិញ្ញាសាប៉ុណ្ណោះ ហើយការទទួលពាក្យចូលរួមប្រកួតនៅតែបន្តរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធប៊ូល និងប៉េតង់ កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ខណៈការ ប្រជុំចាប់ឆ្នោតចាប់ពូលប្រកួតគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២រសៀលនៅទីស្នាក់ការសហព័ន្ធ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT