សហព័ន្ធបាល់ទាត់ជ្រើសរើសក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ចូលហ្វឹកហាត់

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកធ្វើតេស្ត  រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ ដែលមកពីសាលាតម្រង់ទិសទាំង២៥រាជធានី-ខេត្ត ដើម្បីធ្វើការស្នាក់នៅសិក្សា និងហ្វឹកហាត់ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទីខេត្តតាកែវ។

យុវជនដែលមកពីសាលាតម្រង់ទិសទូទាំងប្រទេសមានចំនួន៦០នាក់ ដោយសហព័ន្ធបានជ្រើសរើសយុវជនឆ្នើមៗ ក្នុងមួយរាជធានី-ខេត្តចំនួនចន្លោះ ពី ២ ទៅ ៣ នាក់។ ប៉ុន្តែទោះបីជាបិទបញ្ចប់ការជ្រើសរើសក្តី ក៏មិនទាន់កំណត់ចំនួននៅឡើយទេ ក្នុងការជ្រើសរើសចូលសិក្សា និងហ្វឹកហាត់នៅសាលាបាល់ទាត់មួយនេះ។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្ន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានពីរឈុត គឺឈុតយុវជនអាយុក្រោម១៨ឆ្នាំ (U-18) និងយុវជនអាយុក្រោម១៥ឆ្នាំ (U-15) ដែលកំពុងទទួលបានការសិក្សាចំណេះទូទៅផង និងការបណ្តុះបណ្តាលបច្ចេកទេសបាល់ទាត់ រួមទាំងការហូបចុកស្នាក់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទីផង។ ថ្មីៗនេះសាលាកីឡាបាល់ទាត់ជាតិបាទី​បានបញ្ចេញយុវជនចំនួន៨នាក់ ដែលបញ្ចប់ការហ្វឹកហាត់ និងបានប្រកាសជូនដំណឹងដល់ក្លិបបាល់ទាត់ណា ដែលចង់ឱ្យទទួលយកយុវជនទាំងនេះទៅចូលរួមជួយដល់ក្លិបបាល់ទាត់របស់ខ្លួន។

នៅក្នុងឈុតU18 គឺមានយុវជនមានអាយុចន្លោះ១៦ឆ្នាំដល់១៨ឆ្នាំ រីឯឈុតU15 គឺមានចន្លោះអាយុ១២ដល់១៥ឆ្នាំ ដោយយុវជនទាំងនេះទទួលបានការបណ្តុះបណ្តាលនៅទីនេះរហូតដល់គ្រូវាយតម្លៃថា អាចចេញទៅប្រកបអាជីពបាល់ទាត់បាន ដែលភាគច្រើនជាយុវជនU18 ហើយសហព័ន្ធបាល់ទាត់កម្ពុជាតែងតែជ្រើសរើសបន្ថែមថ្មីៗ បន្ថែមក្នុងមួយឆ្នាំៗ ដើម្បីបន្តការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានកីឡាករបាល់ទាត់ឱ្យមានគុណភាព និងកាន់តែសម្បូរបែប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT