ក្រុមយុវជនជម្រើសជាតិកម្ពុជាបន្តប្រមូលផ្តុំហ្វឹកហាត់ត្រៀម AFC U-19 Championship 2021

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បន្តប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួត AFC U-19 Championship ពូល A នៅប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ដែលគ្រោងនឹងប្រកួត នាថ្ងៃទី០៣ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ឡើវវិញ ក្រោយពន្យារពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវី-១៩ កាលពីឆ្នាំ២០២០ កន្លងមក។

ក្រោមការបង្វឹកពីគ្រូបង្គោលក្រុមជម្រើសជាតិយុវជនកម្ពុជា ដែលជាជនជាតិជប៉ុន លោក Koji Gyotoku កំពុងបង្កើនគុណផលបច្ចេកទេសដល់កូនក្រុមរបស់លោក ដែលក្នុងចំណោមកីឡាករចំនួន៣៨នាក់ត្រូវបានសម្រិតសម្រាំងជាបន្តបន្ទាប់ ដើម្បីជម្រុះរកកីឡាករឆ្នើមៗចំនួន២៣នាក់ សម្រាប់បញ្ជីចុងក្រោយ។ក្រុម U19 កម្ពុជាស្ថិតនៅក្នុងពូលA ជាមួយ៣ក្រុមផ្សេងទៀត គឺក្រុមម្ចាស់ផ្ទះ អ៊ូបេសគីស្ថាន,​ ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់។ ក្រុមក្រុមU19កម្ពុជា គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អលំដាប់ទី៥ ក្រោយប្រកួតនៅវគ្គជម្រុះឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូល G កន្លងទៅ។

ការប្រកួត AFC U-19 Championship ដែលប្រទេសអ៊ូបេសគីស្ថាន ទទួលធ្វើម្ចាស់នេះ តាមពិតគ្រោងនឹងប្រកួត នាខែតុលា ឆ្នាំ២០២០ ប៉ុន្តែពេលនេះបន្តពន្យារពេលរហូតដល់ខែមីនា ឆ្នាំ២០២១វិញ ដោយសារតែជំងឺកូវីដ-១៩ នៅតែបង្កវិតបត្តិនេះនៅទូទាំងពិភពលោក។

យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឱ្យដឹងថា AFC U-19 Championship នៅប្រទេសអ៊ូសបេគីស្ថាននេះ គឺចាប់ផ្តើមពីវគ្គជម្រុះក្នុងពូល (Group Stage) ដែលមាន១៦ក្រុម ចែកចេញជា៤ពូលគឺពូល A, B, C និងពូលD។ នៅក្នុងការប្រកួតជម្រុះក្នុងពូល ក្រុមទាំង៤នឹងត្រូវប្រកួតវិលជុំក្នុងពូល ហើយពីរក្រុមខ្លាំងៗលើកំពូលតារាង (៨ក្រុម) នឹងត្រូវឡើងទៅប្រកួតខ្វែងពូល ដោយលេខ១ពូលAប៉ះជាមួយលេខ២ ពូលB, លេខ២ពូលA នឹងប៉ះជាមួយ លេខ ១ពូលB ខណៈលេខ១ពូលC ប៉ះលេខ២ពូលD ហើយលេខ២ពូលCប៉ះជាមួយនឹងលេខ១ពូលD ហើយក្រុមដែលឈ្នះៗឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្ររកឃើញម្ចាស់ជើងឯក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT